ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រោយគ្រោះរញ្ជួយដីនៅអេក្វាទ័រ ក្មេងចំនួន ១២០.០០០នាក់ត្រូវបានឃ្លាតឆ្ងាយពីសាលា

អេក្វាទ័រ: បើតាមមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ (UNICEF) កាលពីថ្ងៃអង្គារបាននិយាយថា សាលាចំនួនជាង ២៨០ ខ្នងត្រូវបានបំផ្លិចបំផ្លាញក្រោយគ្រោះរញ្ជួយដីវាយប្រហារ ក្នុងប្រទេសអេក្វាទ័រកាលពីថ្ងៃទី១៦ ខែមេសា ដែលបានបណ្ដាលឲ្យក្មេងចំនួន ១២០.០០០ នាក់ ត្រូវបានឃ្លាតឆ្ងាយពីសាលាជាបណ្ដោះអាសន្នដោយគ្មានការអប់រំ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

បើតាមសេចក្ដីថ្លែងការរបស់លោក Grant Leaity អ្នកតំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសអេក្វាទ័រ បានឲ្យដឹងថា ខណៈពេលនេះ ការអប់រំគឺពិតជាសំខាន់ណាស់ សម្រាប់ការគាំពារជីវិតកុមារពីភាពរន្ធត់នៃការចលាចល និងការបំផ្លិចបំផ្លាយមួយនេះ។

លើសពីនេះទៅទៀត វាថែមទាំងអាចជួយផ្តល់ឲ្យពួកគេនូវទម្លាប់ប្រចាំថ្ងៃ និងការមានគោលដៅនៅលើផ្លូវមួយ ដែលអាចឲ្យផ្លូវចិត្តរបស់ពួកគេត្រលប់មករកភាពប្រសើរឡើងវិញបាន។

គួរបញ្ជាក់ផងដែរថា ក្រោយគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រនៅអេក្វាទ័រ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ៦៥៥នាក់បានស្លាប់ និងជាង ៤. ៦០៥ នាក់ទៀតរងរបួស ព្រមទាំងអ្នកបាត់ខ្លួនចំនួន ៤៨ នាក់ និង២៩.០៦៧នាក់ទៀតកំពុងស្ថិតនៅក្នុងជម្រក នេះបើយោងតាមការប៉ាន់ប្រមាណជាផ្លូវការរបស់មន្ត្រី៕

photo_2016-04-27_05-13-49 photo_2016-04-27_05-13-52

មតិយោបល់