ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថៃបញ្ជូនសពពលករខ្មែរ គ្រោះថ្នាក់ចរាចរណ៍មកឲ្យសាច់ញាតិ

បន្ទាយមានជ័យ:ជនរងគ្រោះស្លាប់របួស ដោយគ្រោះថ្នាក់ចរាចរណ៍ លើទឹកដីថៃកាលពីវេលាម៉ោងជាង២ទាបភ្លឺ ឈានចូលព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅស្រុកកាប៊ីនបូរី ខេត្តស្រះកែវ ប្រទេសថៃ ស្គាល់អត្តសញ្ញាណ និងភូមិស្រុកហើយៗទាំងសពទាំងអ្នករងរបួស ត្រូវបានភាគីថៃជួយបញ្ជូនត្រឡប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាបន្តបន្ទាប់។

គ្រោះថ្នាក់ខាងលើ បានកើតឡើងនៅពេលរថយន្តម៉ាក តូយ៉ូតាវីហ្គោ ពណ៌ទឹកមាស០១គ្រឿង របស់ថៃដឹកពលករចេញពីបន្ទាត់ព្រំដែន ក្នុងខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជាលឿនជ្រុលក្រឡាប់នៅស្រុកកាប៊ីនបូរី។

អ្នករងរបួសប្រុសស្រី៦នាក់ ត្រូវបានភាគីថៃបញ្ជូនតាមរថយន្ត ទ្រុងដឹកពលករខុសច្បាប់មកដល់កម្ពុជា នៅរសៀលថ្ងៃទី២៧ ហើយអ្នករបួសធ្ងន់២នាក់ បានមកដល់ភូមិស្រុកមុន ហើយក្នុងនោះនៅម៉ោងជាង៥ល្ងាចថ្ងៃដដែលនេះ សពស្ត្រីរងគ្រោះក្នុងហេតុការណ៍ជាមួយគ្នា ក៍ត្រូវបានភាគីថៃបញ្ជូនមក ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតផងដែរ។

សពរងគ្រោះឈ្មោះ យន្ត សារ៉ាត់ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្វាយខ្មៅ ឃុំពន្លៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យព្រលប់ថ្ងៃទី២៧ខែឆ្នាំដដែល។ បុរសជាប្តីស្ត្រីរងគ្រោះខាងលើឈ្មោះ ចេក ភឿនអាយុ៤១ឆ្នាំ ដែលមានរបួសជាច្រើនកន្លែងដែរនោះនិយាយថា ពលកររួមដំណើរទាំងអស់មានចំនួន១១នាក់ស្លាប់ម្នាក់ គឺប្រពន្ធរបស់គាត់របួសធ្ងន់២ ស្រីម្នាក់។

បុរសខាងលើនិយាយថាពលកររងគ្រោះទាំងអស់ ជាអ្នកភូមិជាមួយគ្នា ហើយបានឆ្លងទៅដីថៃតាមច្រករបៀងក្នុងស្រុកម៉ាឡៃ។

គួរបញ្ជាក់ថា សពរងគ្រោះត្រូវបានគេរុំក្រណាត់ វេចខ្ចប់ដោយកន្ទេលមើលទៅដូចជាខ្មោចសត្វធាតុអីចឹង សូម្បីតែមឈូសក៍គ្មានដាក់ដែរ។ សពត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្ត ទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

photo_2016-04-27_21-58-07 photo_2016-04-27_21-58-12 photo_2016-04-27_21-58-04

មតិយោបល់