ភ្នំពេញ:ស្ត្រីម្នាក់ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព ល្បួងក្មេងស្រីនាំយកទៅដោះយកគ្រឿងអលង្ការ ហើយរត់គេចខ្លួន បាត់មួយយប់ លុះព្រឹកឡើង ឃើញមុខ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីជាជនសង្ស័យ ឈ្មោះ យ៉ែម ធុក ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិ នាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ស្រី នុត អាយុ ១ខួបកន្លះ មានឪពុកឈ្មោះ គង់ សិទ្ធ អាយុ៤៣ឆ្នាំ ម្តាយឈ្មោះ រឿន សោភ័ណ្ឌ អាយុ៣៣ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ គ្រឿងអលង្ការ ដែលបាត់ មាន ខ្សែជើង ខ្សែក របស់ក្មេងស្រីរងគ្រោះ បើតាមការអះអាង ពីអាណាព្យាបាល បានបញ្ជាក់ថា គិតជាទឹកប្រាក់ ចំនួន៣៥០ដុល្លារ ។
តាមម្តាយក្មេងស្រី បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមេសា ខណៈដែលកូនស្រីរបស់គាត់ រត់លេង នៅមុខផ្ទះ ស្រាប់តែ ជនសង្ស័យ បានមកពរក្មេងស្រីលេង ហើយធ្វើសកម្មភាពដោះយកគ្រឿងអលង្ការ រួចគេចខ្លួន រហូតដល់ព្រឹកឡើងថ្ងៃទី២៨ ប្រទះឃើញជនសង្ស័យ នៅផ្សារជម្ពូវ័នទើប នាំគ្នាចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យ បន្ទាប់ពី អាណាព្យាបាល ក្មេងរងគ្រោះ ចាប់ឃាត់ខ្លួនបាន សមត្ថកិច្ចឃាត់ខ្លួន ធ្វើការសាកសួរ នៅប៉ុស្តិ៍កំបូល ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕
មតិយោបល់