ភ្នំពេញ:អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីក្រោមឱវាទមួយចំនួន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពមន្រ្តីអាវុធហត្ថលោក ទៀង ករុណា នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដែលត្រូវបានក្រុមជួញដូរគ្រឿងញៀន បាញ់ស្លាប់កាលពីម្សិលមិញខណៈចុះប្រតិបត្តិកាបង្ក្រាបគ្រឿងញៀនដ៍ធំ និងកក្រើករាជធានីភ្នំពេញ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក នាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញ ក្បែរកាំកូស៊ីធី។
លោកអភិបាលក្រុង សូមឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធ លោក ទៀង ករុណា បានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានចូលបុណ្យសព ចំនួន១០លានរៀល និងឧបត្ថម្ភ មន្រ្តីអាវុធហត្ថដែលរងរបួស២នាក់ ម្នាក់ៗ១លានរៀលផងដែរ។ ជាមួយគ្នានេះលោកស្នងការរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ទៀង ករុណា ផងដែរ។
នៅព្រឹកនេះដែរក៍មានថ្នាក់ដឹកនាំស្ថាបន័នានា បានទៅចូលរួមជាបន្តបន្ទាប់ផងដែរ។ ទន្ទឹមនឹងនេះលោកមេភូមិ នៅកន្លែងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងសង្កាត់បឹងកក់ទី១ នោះបានដឹងនាំប្រជាពលរដ្ឋ ក្នុងភូមិច្រើនរយនាក់ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ ដល់មន្ត្រីអាវុធហត្ថ ដែលបានបាត់បង់ជីវិតក្នុងការងារចុះបង្ក្រាប់ឧក្រិដ្ឋកម្មគ្រឿងញៀនដ៍ធំ។ ប្រជាពលរដ្ឋក្នុងរាជធានីមានការសោកស្តាយយ៉ាងខ្លាំងដល់ការបាត់បង់ជីវិតមន្ត្រីអាវុធហត្ថលោក ទៀង ករុណា៕
មតិយោបល់