ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់ខ្លួន ជនសង្ស័យ ជាពូព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ជាប់ពាក់ព័ន្ធលួចឱសថក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្ត

រតនគិរី: ជនសង្ស័យ២នាក់ រួបនឹងរថយន្តលុច្សស៊ីស៥៧០ មួយគ្រឿង ជាប់ពាក់ព័ន្ធលួចឱសថក្នុងឃ្លាំង មន្ទីរពេទ្យបង្អែកខេត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ហេង រតនា ជាអ្នកយាមឃ្លាំងឱសថ ទី២.លោកលុយ ទី ជាស្វាមីរបស់អ្នកស្រី ស៊ឹម រតនា មានតួនាទីជាប្រធានឃ្លាំងផ្នែកឱសថ ប៉ុន្តែអ្នកស្រីត្រូវសំរាកលំហែមាតុភាព(ឆ្លងទន្លេ)។

លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានបញ្ជាក់ថា បញ្ហានេះ អ្នកយាមឃ្លាំងមានការធ្វេសប្រហែសពេក ទើបបណ្តាលឲ្យរឿងនេះកើតឡើង ហើយអ្នកដែលប្រព្រឹត្ត សមត្ថកិច្ច បានឃាត់ខ្លួនហើយរួមទាំងអ្នកយាមឃ្លាំងផងដែរ។ លោក បន្តថា តាមការរាយការណ៍បឋមរបស់លោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យខេត្តថា ថ្នាំដែលបានមានចំនួនតែជាង៣០០គ្រាប់តែប៉ុណ្ណោះ ប៉ុន្តែតាមអង្កេតបន្ថែម និងតាមលោកគ្រូពេទ្យដែលប្រចាំការ និយាយថា បាត់អស់ចំនួនជាង២០កេះឯណោះ មិនបូកទាំងសារ៉ូមនោះទេ ហើយថ្នាំដែលបាត់នោះ១១មុខ គឺប្រភេទថ្នាំគ្រាប់ និងថ្នាំចាក់ បើគិតទៅមានតម្លៃជាប្រាក់ចំនួនជាង៨លានរៀលគិតតម្លៃរដ្ឋ។

ជនសង្ស័យទាំងពីរនាក់ និងរថយន្តត្រូវសមត្ថកិច្ចនគរបាលបំពេញសំណុំរឿងបញ្ជូនទៅតុលាការសាលាដំបូង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះហើយ។

លោក សូស ឡា ប្រធានតុលាការសាលាដំបូងខេត្ត មានប្រសាសន៍ តាមទូរស័ព្ទថា ចំពោះករណីជនសង្ស័យលួចឱសថនៅមន្ទីរពេទ្យបង្អែកខេត្ត បានបញ្ជូនសំណុំរឿងមកហើយ ប៉ុន្តែជនជាប់ពាក់ព័ន្ធ នៅមិនទាន់បញ្ជូនខ្លួនមកកាន់តុលាការសាលាដំបូងនោះទេ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ។

មជ្ឈដ្ឋានទូទៅរងចាំមើលថា តើសមត្ថកិច្ចជំនាញមានចំណាត់ការយ៉ាងណាចំពោះជនជាប់ពាក់ព័ន្ធទាំងពីរនាក់ នឹងរថយន្តមួយគ្រឿង ដែលជាប់ពាក់ព័ន្ធធ្វើសកម្មភាពលួចថ្នាំពេទ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងជនសង្ស័យត្រូវជាពូរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងនោះ ហើយការលួចថ្នាំពេទ្យចេញពីមន្ទីរពេទ្យមិនមែនជាលើកទី១ទេ គឺសឹងតែរាប់ដងមិនអស់ទៅហើយ ប៉ុន្តែមានការលាក់លៀម និងបិទបាំងពីប្រធានមន្ទីរ៕

13073012_1012629295479988_45273480_o 13101302_1012630148813236_1829781005_n 13077370_1012630142146570_2000811357_n

មតិយោបល់