ឥណ្ឌូនេស៊ីៈ មនុស្សរាប់សែននាក់ ត្រូវបានជម្លៀសខ្លួនចេញ បន្ទាប់ពីគ្រោះរញ្ជួយដី បានវាយប្រហារដ៏ខ្លាំង នៅឥណ្ឌូនេស៊ី ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០ នាក់ និង ៧០០នាក់ទៀតរងរបួស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា ប្រជាជនប្រមាណ ៤៥.៣០០នាក់ ត្រូវបានជម្លៀសខ្លួនចេញ ពីតំបន់ដែលរងគ្រោះដោយសាររញ្ជួយដី ទៅកាន់ទីសុវត្ថិភាព និងរស់នៅជាសមូហភាព ប៉ុន្តែមិនមានអាហារគ្រប់គ្រាន់នោះទេ។
សូមជំរាបថា គ្រោះរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័រ ដែលបានវាយប្រហារ កាលពីសប្តាហ៍មុន បានបំផ្លាញផ្ទះរាប់ពាន់ខ្នង សាលារៀន វិហារអ៊ីស្លាម និងកន្លែងធ្វើអាជីវកម្មជាច្រើន នៅទូទាំងខេត្ត Aceh ដែលជាតំបន់មួយ ធ្លាប់បានទទួលរងគ្រោះ និងផលប៉ះពាល់អាក្រក់បំផុត ដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០០៤៕
មតិយោបល់