ព័ត៌មានអន្តរជាតិ

មហាអំណាចនៅតំបន់អារ៉ាប់ សងសឹកមហាអំណាចពិភពលោក ក្រោយ….

រដ្ឋាភិបាលអ៊ីរ៉ង់​ បានឲ្យដឹងថា ខ្លួន​នឹង​ហាម​ឃាត់​ពលរដ្ឋ​​អាមេរិក​ទាំងអស់​ មិន​ឲ្យ​ចូលក្នុង​សាធារណរដ្ឋ​ឥស្លាម​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទ​បញ្ជា​របស់​ប្រធានា​ធិបតី​​អាមេរិកលោក ដូណាល់ ​ត្រាំ​ ដែល​បាន​ដាក់កំហិតហាមជន​អន្តោប្រវេសន៍ចូលក្នុងសហរដ្ឋអាមេរិក ​មក​ពីបណ្ដាល​ប្រទេស​កាន់​សាសនា​ឥស្លាម​ចំនួន​៧។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

​ក្រសួងការ​បរទេស​អ៊ីរ៉ង់​ បាន​ភ្ជាប់​ការ​ហាម​ឃាត់​ផ្ទាល់របស់​ខ្លួន ​ទៅ​នឹង​បទ​បញ្ជា​របស់​ប្រធានា​ធិបតី​លោកត្រាំ ​ដែល​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ បាន​ហៅ​ថា​ ជា​ការ​ប្រមាថ​មើល​ងាយ​ដ៏​ពិត​ប្រាកដ​ដល់​អ្នកកាន់សាសនា​ឥស្លាម‍។​

រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ បាន​ព្រមាន​ទៀត​ថា ​ការ​ហាម​ឃាត់​របស់​អាមេរិក ​ដែលបាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​ប្រធានា​ធិបតី​ ត្រាំ​ ​នឹង​មិន​ធ្វើឲ្យ​ប្រទេស​អាមេរិក​ មាន​សុវត្ថិភាព​កាន់​តែ​ខ្លាំង​ឡើង​នោះ​ទេ។ ក្រសួង​ការបរទេស​អ៊ីរ៉ង់​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ដែរ​ថា ​វិធានការ​សងសឹក​របស់​ខ្លួន ​នឹង​ស្ថិត​នៅ​ជា​ធរមាន​រហូតទាល់​តែ​ការ​រឹតត្បិត​របស់អាមេរិក​ត្រូវ​បាន​លុប​ចោល។

បទបញ្ជា​លោក ​ត្រាំ ដែលផ្អាក​មិន​ឲ្យ​ជន​ភៀស​ខ្លួន​ទាំងអស់ ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន​៤ខែ ​ហើយ​រារាំង​ជន​ភៀស​ខ្លួន​ស៊ីរី​ចូលដែនដីខ្លួនរហូត ក្នុងនោះក៏​បាន​ហាម​ឃាត់​អ្នកមាន Green Card ​មក​ពី​ប្រទេសទាំង​៧​​ មិន​ឲ្យ​ចូល​ក្នុង​ទឹក​ដីសហរដ្ឋ​អាមេរិកទ្បើយ ​ខណៈ​ដែល​បទបញ្ជា​នោះ ​បាន​បញ្ជារ​ឲ្យ​ទី​ភ្នាក់ងារ​នានា​​អាមេរិក រៀប​ចំ​បែបបទ​សម្រាប់​អ្នក​កាន់​គ្រឹស្ត​សាសនា ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ ​ឲ្យ​បាន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​យ៉ាង​លឿន។

សូមជំរាបថា ប្រតិកម្ម​របស់​អ៊ីរ៉ង់​ ជា​ការ​ឆ្លើយតប​ផ្លូវ​ការ​លើកទី១​ ពី​ប្រទេសកាន់​សាសនា​ឥស្លាម​សំខាន់ៗ ​ចំនួន​៧​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជីហាម​ឃាត់​របស់​ប្រធានា​ធិបតី​អាមេរិក៕

មតិយោបល់