ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងជប៉ុន គ្រៀងបំពាក់មីស៊ីលមហាល្បឿន ក្រោយរីករាលដាលការគំរាមគំហែងពីចិន

ជប៉ុនៈ យន្តហោះចម្បាំង Mitsubishi F-2 របស់ជប៉ុន គ្រោងនឹងបំពាក់ជាមួយមីស៊ីល មហាល្បឿន បន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូ បានមើលឃើញថា កំពុងមានការរីករាលដាលនូវការគំរាមកំហែង ពីសំណាក់កងទ័ពជើងទឹកចិន ។ នេះបើយោងតាមសារព័ត៌មាន​ Spunitk ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។

ប្រភពពីកាសែត Yomiuri Shimbun ​បានឲ្យដឹងថា «​ការណែនាំឲ្យបំពាក់មីស៊ីលថ្មីនេះ បានធ្វើទ្បើងក្នុងគោលបំណង​តាមដាន​ឲ្យទាន់​សភាពការណ៍​នូវ​កងទ័ពជើងទឹក​ចិន ដែល​កំពុង​មានសកម្មភាព​ខ្លាំងក្លា ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត និងកន្លែង​ដទៃទៀត»​។​

មីស៊ីលមហាល្បឿន XASM-3 កំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយ ប៉ុន្តែ​ក្រុម​អ្នករៀបចំ​ផែនការ​របស់​យោធា​ បានស្នើ​នូវ​ប្រភពធនធាន​ហិរញ្ញវត្ថុ​សមល្មម​មួយ​ ដើម្បី​ទិញ និង​ផលិត​មី​ស៊ី​ល​ទាំងនោះ​រាប់រយ​ដើម ​នៅក្នុង​ឆ្នាំសារពើពន្ធ ២០១៨​។

XASM-3 នឹងក្លាយជាមីស៊ីលប្រឆាំងនាវាដំបូងគេបង្អស់ ដែលផលិតនៅប្រទេសជប៉ុន ហើយយន្តហោះចម្បាំងប្រភេទ F-2 នីមួយៗ នឹង​ដឹក​មី​ស៊ី​ល​ប្រឆាំង​នាវា​ថ្មី ចំនួន ២ ដើម​។

គួរបញ្ជាក់ដែរថា ការទិញ​មី​ស៊ី​ល​នេះ បានបង្ហាញពី​តម្រូវការ​ដើម្បី​បង្កើន​សមត្ថភាព និង​លទ្ធភាព​ ក្នុងទប់ស្កាត់​ការគំរាមកំហែង ដែល​បង្កឡើង​ដោយ​កងទ័ពជើងទឹក​ចិន​៕

មតិយោបល់