ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ឆ្លើយតបចំពោះទណ្ឌកម្មអាមេរិក តាមរយៈការជំរុញកម្មវិធីមីស៊ីល

អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ដោយការបង្កើនមូលនិធិជាតិ សម្រាប់កម្មវិធីមីស៊ីលរបស់ខ្លួន ដែលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វិស័យរ៉ុក្កែតរបស់អ៊ីរ៉ង់ បានរីកចម្រើនគួរឲ្យកត់សម្គាល់។ នេះបើយោងតាមសារព័ត៌មាន​ Spunitk ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

លោក វ៉្លាឌីម សាហ្ស៊ីន (Vladimir Sazhin) អ្នកឯកទេសខាងកិច្ចការមជ្ឈឹមបូព៌ា នៅវិទ្យាស្ថានបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានប្រាប់ភ្នាក់ងារ Sputnik ថា «អ៊ីរ៉ង់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការផលិតមីស៊ីល ដោយបង្កើតគ្រាប់រ៉ុក្កែតជាង ២០ ប្រភេទ ហើយដើម្បីបញ្ឈប់ផលិតភាពរបស់ប្រទេសនេះ អាមេរិកបានធ្វើការដាក់ទណ្ឌកម្មដ៏តានតឹងបំផុត ប៉ុន្តែផ្ទុយទៅវិញវាហាក់ដូចគ្មានប្រយោជន៍អ្វីទល់តែសោះ»។

ក្នុងនោះលោក សាហ្ស៊ីន ក៏បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់បានទិញទំនើបកម្ម និងកែច្នៃស៊េរីមីស៊ីលរយៈចម្ងាយខ្លី រួមទាំងយុទ្ធសាស្ត្រ និងប្រតិបតិ្តការលើអាវុធមីស៊ីលជាច្រើន ដោយលោកបានសង្កត់ធ្ងន់ថា មីស៊ីលផ្លោងរយៈចម្ងាយ អាចនឹងត្រូវបង្កើតទ្បើងផងដែរ ដើម្បីវាយប្រហារគោលដៅឆ្ងាយ៕

មតិយោបល់