ព័ត៌មានជាតិ

Update៖ មួយប៉ប្រិចភ្នែកស្រះទឹកមួយកន្លែង នៅភូមិទួលសំបូរសង្កាត់ព្រៃវែងឆក់យកជីវិតក្មេងស្រី២នាក់

ភ្នំពេញៈ ក្មេងស្រី៥នាក់នាំគ្នាចុះមុជទឹកស្រះលេង សល់ក្មេង២នាក់ បន្តមុជលេង មួយសន្ទុះលង់លិចបាត់ សាច់ញាតិរកមិនឃើញចុះរាវ ស្លាប់ម្នាក់ ម្នាក់ទៀតឃើញនៅស្រស់ៗ នឹកថារួចផុតពីគ្រោះថ្នាក់ លើករលាក់ទឹក ទឹកអស់ចិត្ត នៅតែមិនអាចសង្រ្គោះបាន ស្លាប់ទាំង២នាក់តែម្តង កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ជឹម ស្រីណូ អាយុ៩ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ជឹម កុយ អាយុ៥១ រត់ម៉ូតូឌុប ម្ដាយឈ្មោះ សៀង សឺន អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។ ចំណែក ក្មេងស្រីរងគ្រោះ ទី២ ឈ្មោះ សម ស៊ីស្រីណា អាយុ៧ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ សម សំណាង អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ មានម្ដាយឈ្មោះ ទុយ វណ្ណា អាយុ៤៤ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅក្នុងភូមិកើតហេតុ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ រួមជាមួយក្មេងស្រីក្នុងភូមិ៣នាក់ផ្សេងទៀត សរុប៥នាក់ នាំគ្នាចុះមុជទឹកស្រះខាងលើលេង លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ទៅហើយ ក្មេង៣នាក់បានឡើងទៅផ្ទះមុនបាត់បន្ទាប់ពីជីដូនឃើញដេញ ឲ្យវិលត្រឡប់ទៅផ្ទះ នៅសល់តែជនរងគ្រោះ២នាក់ មិនឡើងបន្តនៅលេងទឹកស្រះដដែល លុះមួយសន្ទុះក្រោយមក ស្រាប់តែបាត់ក្មេងស្រី២នាក់ មិនឃើញឡើង ទើបសាច់ញាតិ អ្នកភូមិឆោឡោ ចុះរាវ ឃើញស្លាប់ម្នាក់ ចំណែកក្មេងស្រីម្នាក់ទៀត លង់ឈ្លក់ ត្រូវបាននាំគ្នាជួយលើករលាក់ទឹក តែនៅមិនអាចសង្រ្គោះបាន ស្លាប់ទាំង២នាក់តែម្តង ។

សាកសពក្មេងស្រី ក្រោយពីសាច់ញាតិ អ្នកភូមិស្រង់ឡើងគោក រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនរួច ប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/JuBj-2H1xZY

មតិយោបល់