ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ អំពាវនាវឲ្យប្រទេសមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ាជាបន្ទាន់

UN: អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ឈប់យុទ្ធនាការយោធា ប្រឆាំងនឹងពួកមូស្លីមរ៉ូហ៊ីងយ៉ាជាបន្ទាន់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន ១៥ ប្រទេស បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ តបតាមសំណើរបស់ប្រទេសស៊ុយអែត និងអង់គ្លេស ដើម្បីពិភាក្សាគ្នា អំពីវិបត្តិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាលើកទី២ ចាប់តាំងពីពួកគេ បានធ្វើការថ្កោលទោសជាសាធារណៈ ចំពោះស្ថានការណ៍នោះ។

ថ្លែងនៅមុនពេលកិច្ចប្រជុំនោះ លោក Antonio Guterres បានហៅស្ថានការណ៍បង្ក្រាបទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ាថា «ជាគ្រោះមហន្តរាយ និង «មិនអាចទទួលយកបាននោះទេ» ខណៈជាតិសាសន៍មួយនេះ ត្រូវបានគេបោសសម្អាតចេញឲ្យអស់ ពីប្រទេសដែលមានពុទ្ធសាសនិកភាគច្រើននោះ។

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា អំពើហិង្សានៅមីយ៉ាន់ម៉ា បានបណ្ដាលឲ្យជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជា ៣៧០ ពាន់នាក់ហើយ បានរត់ភៀសខ្លួនចេញពីភាគខាងលិចរដ្ឋរ៉ាឃីន ទៅកាន់ប្រទេសបង់ក្លាដេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គួរបញ្ជាក់ដែរថា អំពើហិង្សានេះ បានផ្ទុះទ្បើងកាលពីថ្ងៃទី ២៥ ខែសីហាកន្លងទៅ បន្ទាប់ពីពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានវាយប្រហារនៅប៉ុស្តិ៍ប៉ូលិស ដែលបង្កឲ្យមានការបង្ក្រាបតបតវិញពីពួកយោធាខាងរដ្ឋាភិបាល៕

មតិយោបល់