ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសិង្ហបុរី និងលោកស្រី អ៊ុង សានស៊ូជី ជួបពិភាក្សាគ្នាយ៉ាងកក់ក្ដៅ និងបើកចំហ ស្តីពីបញ្ហាអំពើហិង្សាលើរ៉ូហ៊ីងយ៉ា

មីយ៉ាន់ម៉ាៈ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan កាលពីថ្ងៃសុក្រ បានជួបពិភាក្សាគ្នា យ៉ាងកក់ក្ដៅ និងបើកចំហ ជាមួយមេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី នៅទីក្រុង Nay Pyi Taw ស្ដីពីស្ថានភាពនៅក្នុងរដ្ឋរ៉ាឃីន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងជំនួបនោះ លោក Balakrishnan ថែមទាំងបានពិភាក្សាជាមួយលោកស្រី អ៊ុង សានស៊ូជី ទាក់ទងនិងវិធីសាស្ត្រ ដែលអាស៊ាន និងមីយ៉ាន់ម៉ា អាចធ្វើការរួមគ្នា ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់សហគមន៍រងផលប៉ះពាល់ទាំងអស់ នៅក្នុងវិបត្តិដែលកំពុងកើតមានផងដែរ។

តាមសេចក្តីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃទី០៨ ខែកញ្ញាកន្លងមក ក្រសួងការបរទេសសិង្ហបុរី បានអំពាវនាវដល់គ្រប់ភាគី ជាប់ពាក់ព័ន្ធនៅក្នុងជម្លោះទាំងអស់ ជៀសវាងរាល់សកម្មភាពណា ដែលនឹងធ្វើឲ្យស្ថានភាពនៅទីនោះកាន់តែអាក្រក់ឡើង។

លោក Balakrishnan បានបន្ថែមទៀតថា ក្នុងនាមជាមិត្តជិតស្និទ្ធ និងជាអ្នកជិតខាងអាស៊ាន សិង្ហបុរីត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់ការខិតខំប្រឹងប្រែងក្នុងតំបន់ សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន ដែលរងផលប៉ះពាល់ នៅក្នុងរដ្ឋរ៉ាឃីន ដោយស្របទៅតាមគោលការណ៍នៃធម្មនុញ្ញរបស់អាស៊ានផងដែរ។

សូមជំរាបថា ចាប់តាំងពីមានការប៉ះទង្គិចគ្នា រវាងពួកសកម្មប្រយុទ្ធម៉ូស្លីមរ៉ូហ៊ីងយ៉ា ជាមួយយោធាមីយ៉ាន់ម៉ាកន្លងមក គឺមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ៤០០ ពាន់នាក់ហើយ បានរត់ភៀសខ្លួនចូលក្នុងប្រទេសបង់ក្លាដេស៕

មតិយោបល់