ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ពិភាក្សាជាមួយអាមេរិក ជុំវិញការដាក់ពង្រាយកងទ័ពនៅស៊ីរី

អារ៉ាប៊ីសាអូឌីតៈ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសខ្លួនកំពុងតែធ្វើកិច្ចចរចា ជាមួយអាមេរិកស្ដីពីការបញ្ជូនកងទ័ពទៅកាន់ប្រទេសស៊ីរី ដើម្បីជាផ្នែកមួយនៃសម្ព័ន្ធមិត្តអន្តរជាតិ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។

លោក Adel al-Jubeir កាលពីថ្ងៃអង្គារបាននិយាយថា ការដាក់ពង្រាយនេះ មិនមែនជារឿងថ្មីអ្វីទ្បើយ ដោយលោកអះអាងថា កាលពីមុន រដ្ឋាភិបាលក្រុង Riyadh ក៏ធ្លាប់បានស្នើគំនិតនេះ ទៅកាន់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយលោក Antonio Guterres ដែលជាប្រធានអង្គការសហប្រជាជាតិ នៅទីក្រុង Riyadh លោក Al-Jubeir បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «អារ៉ាប៊ីសាអូឌីតកំពុងពិភាក្សា អំពីការបញ្ជូនកម្លាំងទៅកាន់ស៊ីរី ជាមួយអាមេរិក ដែលរឿងមួយនេះ យើងធ្លាប់បានលើកទ្បើង ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនៅស៊ីរីមកម្ល៉េះ»។

ដោយអារ៉ាប៊ីសាអូឌីត បានស្នើសុំទៅអតីតរដ្ឋបាលលោក អូបាម៉ា មុនថាប្រសិនបើអាមេរិកបញ្ជូនកងកម្លាំងទៅកាន់ប្រទេសស៊ីរី បន្ទាប់មកអារ៉ាប៊ីសាអ៊ូឌីត រួមជាមួយប្រទេសដទៃទៀត នឹងពិចារណាបញ្ជូនកងកម្លាំងខ្លួនផងដែរ៕

មតិយោបល់