ព័ត៌មានជាតិ

បុរសម្នាក់ចេញទៅឆក់ត្រីបាត់ខ្លួនរហូតមិនឃើញមកវិញ លុះប៉ុន្មានថ្ងៃក្រោយស្រាប់តែ..

កណ្តាលៈ មានករណី ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹក កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងទឹកស្រះរបស់ឈ្មោះសន ឃីម ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ស៊ាង មករា ហៅ ចេក ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដើមព្រីង ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសពខាងលើ ក៏រាយការណ៍ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ។ បន្ទាប់មកកម្លាំងជំនាញពិនិត្យហេតុខេត្ត ស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ និងគ្រូពេទ្យ បានធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយ តាមការសន្និដ្ឋាន ជនរងគ្រោះអាចស្លាប់ដោយសាឈ្លក់ទឹកថប់ដង្ហើម ។

ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា៖ តាមការបំភ្លឺរបស់ឈ្មោះឆាំ សុខលី ត្រូវជាម្ដាយបង្កើត បានឲ្យដឹងថាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១ ជនរងគ្រោះបានចុះទូកជាមួយឈ្មោះ អ៊ាវ បញ្ញា ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិជាមួយគ្នា ទៅឆក់ត្រីនៅតាមទន្លេបាសាក់ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ហើយត្រូវបានកម្លាំងជំនាញជលផលស្រុកកោះធំ ចុះចាប់ ពេលនោះឈ្មោះ អ៊ាវ បញ្ញា និងជនរងគ្រោះបានរត់ឡើងមកលើគោកវិញ ដោយបែកផ្លូវគ្នា ហើយជនរងគ្រោះ បានបាត់ខ្លួន រហូតដល់ថ្ងៃទីី១៨ ខែមេសា ឆ្នាំ២០១៨ ទើបប្រទះឃើញសាកសពនៅក្នុងស្រះទឹករបស់ឈ្មោះ សន ឃីម ដែលមានចម្ងាយប្រវែង១២០ម៉ែត្រ ពីផ្ទះឪពុកមាបង្កើតឈ្មោះ អ៊ុក សូនី ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង តែម្តង៕

មតិយោបល់