អ៊ីស្រាអែលៈ យន្តហោះចម្បាំងរបស់យោធាអ៊ីស្រាអែលមួយគ្រឿង បានតម្រង់គោលដៅទៅលើទីតាំងយោធាស៊ីរី នៅតំបន់ Golan Heights បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់ បានធ្លាក់នៅក្នុងទឹកដីអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។
មេបញ្ជាការទ័ពអាកាសម្នាក់ សុំមិនផ្ដល់អត្តសញ្ញាណ ដែលគាត់បានបម្រើការក្នុងក្រុមការពារជាតិ ដែលគាំទ្រដោយរដ្ឋាភិបាលស៊ីរី បានប្រាប់អ្នកយកព័ត៌មានថា មានការវាយប្រហារដែនអាកាសមួយ នៅទីតាំងយោធា Arab Army ក្នុងតំបន់ Quneitra ជិតព្រំដែនដែលកំពុងមានជម្លោះ ជាមួយអ៊ីស្រាអ៊ែល ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ។
ការវាយប្រហារនេះ គឺជាការសងសឹកប្រឆាំងនឹងគ្រាប់ផ្លោងមួយគ្រាប់ ដែលបានតម្រង់គោលដៅទៅដល់ភាគខាងកើត នៃរបងព្រំដែនរវាងទឹកដី ដែលត្រួតត្រាដោយអ៊ីស្រាអែល និងស៊ីរី។
តាមសេចក្តីថ្លែងការណ៍មួយ របស់កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងថា គ្រាប់ផ្លោងនោះ ត្រូវបានធ្លាក់ក្នុងកំឡុងពេលប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមសកម្មប្រយុទ្ធ នៅក្នុងតំបន់នោះ៕
មតិយោបល់