អេស្ប៉ាញៈ រដ្ឋាភិបាលអេស្ប៉ាញ បានផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួន ក្នុងការលុបចោលកិច្ចព្រមព្រៀងលក់មីស៊ីល ទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត បើទោះបីកន្លងមកវាត្រូវបានផ្អាក ក្រោមបទចោទប្រកាន់ថា ការប្រគល់អាវុធដែលមានបច្ចេកវិទ្យាខ្ពស់ ទៅកាន់ក្រុងរីយាដ អាចសម្លាប់ប្រជាជនស៊ីវិលនៅក្នុងសង្គ្រាមដ៏យ៉ាប់យ៉ឺនរបស់យេម៉ែនក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសលោក Josep Borrell បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងនេះ នឹងបន្តទៅមុខទៀត បន្ទាប់ពីរយៈពេលមួយសប្ដាហ៍ ដែលវាត្រូវបានផ្អាក។
ដោយលោក Borrell បានប្រាប់ស្ថានីយវិទ្យុអេស្ប៉ាញថា គ្រាប់មីស៊ីលទាំងនោះ នឹងត្រូវប្រគល់ទៅឲ្យក្រុងរីយាដ តាមកិច្ចសន្យាដែលបានធ្វើទ្បើងកាលពីឆ្នាំ ២០១៥ ដោយរដ្ឋាភិបាលមុន។
ក្នុងនោះលោកបានបញ្ជាក់ថា «យើងមិនមានហេតុផលសមស្របណាមួយ ដើម្បីលុបចោលកិច្ចព្រមព្រៀងមួយនេះនោះទេ»។
សូមជំរាបថា អេស្ប៉ាញនិងបណ្តាប្រទេសលោកខាងលិចដទៃទៀត ដូចជាអាមេរិក និងចក្រភពអង់គ្លេស ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ចំពោះការលក់អាវុធទៅឲ្យប្រទេសអារ៉ាប់ប៊ីសាអូឌីត ដោយសារវាត្រូវបានគេចាត់ទុកថា ជាការចូលរួមរបស់ពួកគេ នៅក្នុងសង្គ្រាមដ៏មហន្តរាយនៅយេម៉ែន៕
មតិយោបល់