ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះនាវាពិឃាដ របស់កងទ័ពជើងទឹកអាមេរិក ដែលបានធ្វើដំណើរចូលមកជិតសមុទ្រចិនខាងត្បូង ចម្ងាយ ១២ ម៉ាយពីកោះ Spratly ខណៈដែលក្រុងវ៉ាស៊ីនតោន បានអះអាងថា សកម្មភាពនាវារបស់ពួកគេ គឺស្ថិតនៅក្រោមសេរីភាព នៃការធ្វើនាវាចរណ៍ ដែនទឹកអន្តរជាតិប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេស នៅទីក្រុងប៉េកាំង បានទទូចយ៉ាងខ្លាំងឲ្យអាមេរិក បញ្ឈប់ការសកម្មភាពបង្កហេតុបែបនេះទៀត ជាមួយការលើកទ្បើងថា ប្រតិបត្តិការដែលធ្វើឡើង ដោយនាវាចម្បាំងអាមេរិក គឺជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ចិន។
សូមជំរាបថា ភាពតានតឹងរវាងកងកម្លាំងនាវាចម្បាំងអាមេរិក USS Decatur និងកងទ័ពជើងទឹករបស់ចិន បានកើតឡើងបន្ទាប់ពីនាវាពិឃាដអាមេរិក បានធ្វើដំណើរមកក្បែរដែនទឹកកំពុងមានជម្លោះ នៅប្រជុំកោះ Spratly ដែលវាបានជំរុញឲ្យប្រទេសចិន ដាក់ពង្រាយនាវាយោធា និងយន្ដហោះចម្បាំងរបស់ពួកគេ ដើម្បីពង្រឹងការការពារផងដែរ៕
មតិយោបល់