ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងតួកគី ធ្វើកិច្ចសម្របសម្រួលគ្នា ជុំវិញប្រតិបត្តិការយោធានៅស៊ីរី

ស៊ីរីៈ រដ្ឋាភិបាលរុស្ស៊ី និងតួកគី បានយល់ព្រមសម្របសម្រួលគ្នា ដើម្បីធ្វើប្រតិបតិ្តការនៅស៊ីរី បន្ទាប់ពីការប្រកាស ដកកងទ័ពចេញរបស់អាមេរិក កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។

កិច្ចសម្របសម្រួលនេះ បានកើតទ្បើងនៅពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយបន្ទាប់ពីការពិភាក្សា ជាមួយសមភាគីតួកគីលោក Mevlut Cavusoglu នៅទីក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ថា «រុស្ស៊ី នឹងយកចិត្តទុកដាក់ជាពិសេស លើកាលៈទេសៈថ្មី នៅក្នុងទំនាក់ទំនងយោធា ជាមួយតួកគី»។

ដោយលោក Lavrov បានបន្ថែមថា «ការយោគយល់គ្នា ត្រូវបានដោះស្រាយ តាមរយៈតំណាងយោធារបស់ប្រទេសទាំងពីរ នឹងបន្តសម្របសម្រួលជំហានរបស់ពួកគេ នៅលើទីតាំងជើងគោកក្រោមលក្ខខណ្ឌថ្មី ជាមួយនឹងទស្សនៈ ដើម្បីបញ្ចប់នូវការគំរាមកំហែងរបស់ពួកភេរវករ នៅស៊ីរី»៕

មតិយោបល់