ព័ត៌មានអន្តរជាតិ

អាមេរិក ព្យាយាមរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៤ គ្រឿង ដែលកំពុងបើកឆ្ពោះទៅវេណេស៊ុយអេឡា

អាមេរិកៈ រដ្ឋអាជ្ញាសហព័ន្ធអាមេរិក កំពុងព្យាយាមរឹបអូសនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៤ គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅប្រទេសវេណេហ្ស៊ូអេឡា ដោយចេតនានេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយ ដើម្បីរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ រវាងសម្ព័ន្ធមិត្តអ៊ីរ៉ង់ ប្រឆាំងនឹងអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

បណ្តឹងទាមទារសំណងរដ្ឋប្បវេណីមួយ ត្រូវបានដាក់កាលពីល្ងាចថ្ងៃពុធ នៅឯតុលាការសហព័ន្ធស្រុកកូឡុំបៀ ដោយចោទប្រកាន់ថា ការលក់ប្រេងខាងលើ ត្រូវបានរៀបចំឡើង ដោយពាណិជ្ជករម្នាក់ គឺលោក Mahmoud Madanipour ដែលមានទំនាក់ទំនង ជាមួយអង្គភាពឆ្មាំបដិវត្តអ៊ីរ៉ង់ ជាអង្គការភេរវករបរទេស ដែលកំណត់ដោយអាមេរិក។

ដោយរដ្ឋអាជ្ញាទទួលបន្ទុកលោក Zia Faruqui បាននិយាយថា ប្រាក់ចំណេញពីសកម្មភាពលក់ទាំងនោះ នឹងគាំទ្រយ៉ាងពេញលេញ ចំពោះសកម្មភាពរបស់កងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ IRGC ក្នុងនោះរាប់បញ្ចូលទាំង ការរីកសាយអាវុធប្រល័យលោក និងមធ្យោបាយនៃការចែកចាយការគាំទ្រ ដល់អំពើភេរវកម្ម និងការរំលោភសិទ្ធិមនុស្សជាច្រើន នៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

មតិយោបល់