ព័ត៌មានអន្តរជាតិ

ទាហានអាម៉េរិក ០៣នាក់ ត្រូវបានបាញ់សម្លាប់ នៅមូលដ្ឋានទ័ពអាកាសប្រទេស ហ្ស៊កដានី

បរទេស: សមាជិកសេវាកម្មយោធាអាម៉េរិកចំនួន ០៣នាក់ ត្រូវបានគេបាញ់ប្រហារបណ្តាលឲ្យស្លាប់ នៅទ្វារចូលនៃមូលដ្ឋានទ័ពអាកាស al-Jafr ក្នុងប្រទេស ហ្ស៊កដានី។ ក្នុងឧបតិហេតុបាញ់ប្រហារទៅវិញទៅមកនោះដែរ ក៏បានបណ្តាលឲ្យមន្រ្តីហ្ស៊កដានី ម្នាក់របួសផងដែរ។

យោងតាមសារព័ត៌មាន អាល់ ហ្សាសេរ៉ា ចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកានេះ បានឲ្យដឹងថា ទាហានអាម៉េរិក ០៣នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារគ្នាមួយ នៅខាងក្រៅកន្លែងបណ្តុះបណ្តាលរបស់ប្រទេស ហ្ស៊កដានី កាលពីថ្ងៃសុក្រ បន្ទាប់ពីពួកគេទាំង០៣នាក់នោះ មិនព្រមឈប់តាមការបញ្ជារបស់មន្រ្តីហ្ស៊កដានី។

បើតាមមន្រ្តីអាម៉េរិក បាននិយាយថា សរុបនៃក្រុមសេវាយោធាអាម៉េរិក ដែលបានស្លាប់ គឺមានចំនួន ០៣នាក់ នៅក្នុងឧបតិហេតុបាញ់ប្រហារនោះ ដែលដំបូងគឺស្លាប់ម្នាក់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់ទៀតរបួស ប៉ុន្តែបានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅទីក្រុង អាម៉ាន់។

មន្រ្តីរូបនោះបន្ថែមថា ទាហានអាម៉េរិកទាំង ០៣នាក់នោះ បានជិះរថយន្តទៅជិតទ្វាររបងនៃសាលាបណ្តុះបណ្តាលយោធារបស់ហ្ស៊កដានី ក្រោយមកក៏មានការបាញ់ប្រហារកើតឡើងតែម្តង។ លោកថា «យើងកំពុងធ្វើការជាមួយរដ្ឋាភិបាលហ្ស៊កដានី ដើម្បីប្រមូលព័ត៌មានលម្អិតបន្ថែមទៀត អំពីអ្វីដែលបានកើតឡើង»៕

fe0eca1134f445afa1184b560b4da9a2_18

មតិយោបល់