ព័ត៌មានអន្តរជាតិ

លិចទូកដឹកក្រុមកីឡាបាល់ទាត់ប្រទេសអ៊ូហ្គាន់ដា ស្លាប់ និងបាត់ខ្លួន ៣០ នាក់

អាហ្វ្រិកៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩នាក់ស្លាប់ និង ២១ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយ ដែលដឹកក្រុមកីឡាបាល់ទាត់ប្រទេសអ៊ូហ្គាន់ដា និងអ្នកគាំទ្រពួកគេ បានក្រឡាប់នៅ Albert ជាបឹងដ៏ធំបំផុតទីប្រាំពីររបស់ទ្វីបអាហ្រ្វិក។ នេះបើយោងតាមរយៈ សារព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។

ទីភ្នាក់ងារត្រួតពិនិត្យអ៊ូហ្គង់ដា បាននិយាយថា អ្នកដំណើរទាំងនោះ បានមកពីភូមិ Kaweibanda នៅភាគខាងលិចស្រុក Buliisa បានធ្វើដំណើរទៅស្រុក Hoima ដើម្បីការប្រកួតបាល់ទាត់ ដែលជាផ្នែកមួយសម្រាប់ការអបអរសាទរ ក្នុងថ្ងៃបុណ្យណូអែល កាលពីថ្ងៃអាទិត្យ។

កាសែត Daily Monitor បានដកស្រងសម្ដីមន្ត្រីប៉ូលិស លោក John Rutagira ថា ក្នុងចំណោមមនុស្សសរុប ៤៥ នាក់ នៅលើទូក សាកសព ៩ នាក់ ត្រូវបានរកឃើញ និង ១៥ នាក់ផ្សេងទៀត ត្រូវបានគេអះអាងថា នៅរស់រានមានជីវិត ក្រោយគ្រោះថ្នាក់នេះ៕

មតិយោបល់