អតីតម្ចាស់ផលិតរស្មីស្ទឹងសង្កែ បានហៅតារាចម្រៀង ល្បីៗ ក្នុងផលិតកម្មធំមួយឈរឈ្មោះកំពូល ជាតារាចម្រៀង ឬកូនរមិលគុណ បន្ទាប់ពីតារាទាំងនោះ មិនបានទៅចូលរួមកម្មវិធីចម្រើនព្រះជន្មរបស់លោកស្រីកាលពីថ្ងៃទី១៩ -២០ ខែវិច្ឆិកា។
ស្របពេលដែលតារាចម្រៀងល្បីៗ ជាច្រើនដួង ធ្លាប់ជ្រកក្នុងទ្រនំរស្មីស្ទឹងសង្កែ មានដូចជា សុគន្ធ និសា សាន ផានិត និង ឈឿន ឧត្តម កញ្ញា នី មុន្នីនាថ និង លោក អេនឌី ជាដើម បានស្កាត់ទៅចូលរួមពិធីចម្រើនព្រះជន្មលោកស្រី ស៊ូរ វ៉ាន់នី ដែលមានងារជាជំទាវ នៅលើទឹកដីបាត់ដំបងនោះ តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍មានតារាចម្រៀងល្បីៗ នៅហង្សមាស ប៉ុន្មានដួង បែរជាមិនទៅចូលរួមវិញ ។
ចំណុចនេះ បានធ្វើឲ្យ លោកស្រី ស៊ូរ វ៉ាន់នី មានអារម្មណ៍ឈួលដល់ចុងច្រមុះ ដោយទម្លាយអារម្មណ៍ ចេញពីបេះដូង ភ្លាមៗ នៅលើហ្វេសប៊ុក ដៀមដាមទៅលើតារាចម្រៀងប៉ុន្មានដួងនោះ ។
អ្នកស្រី បានសរសេរថា «កូនដឹងគុណ ឯកូនរមិលគុណហៅមិនមក រវល់ស្គាល់លុយធំ បើមកបុណ្យខ្ញុំវាអត់បានលុយ ភ្លេចគ្រាកន្លងអូសកង់ ដើរផងអត់អីជិះ ឥឡូវជិះឡាន បានភ្លេចគុណ » ។ លោកស្រី បានបន្តថា អ្នកល្បីខ្លះទៀត ចិត្តចោរម្សៀតប្រាប់ថាមក ដល់ថ្ងៃមិនមកកក់ Hotel ចោលអ្នកភ្លេចស្រមោលអតីតកាល គ្មាននរណាស្គាល់ ដល់អ្នកធំភ្លេចអ្នកបញ្ចុក សំរុករកលុយ តែមិនថ្វីទេសុំអ្នកល្បី បន្ត អំពើល្អរបស់ខ្ញុំសូមតែបុណ្យ។
ទោះជាយ៉ាងណា អ្នកស្រីមិនបានបង្ហើបថា តារាចម្រៀងនោះ ជានរណានោះទេ ប៉ុន្មាន ប្រិយមិត្តអ្នកលេងហ្វេសប៊ុក និងអ្នកតាមដានសង្គមសិល្បៈ ពិតជាដឹងច្បាស់ណាស់ ថាជាតារាដួងណានោះជានរណា ធ្លាប់ជ្រកក្នុងទ្រនំ ផលិតកម្ម រស្មីស្ទឹងសង្កែ (RSK) ៕
មតិយោបល់