ព័ត៌មានបច្ចេកវិទ្យា

Samsung នឹងបញ្ចេញ Galaxy Note 8 នៅឆ្នាំក្រោយ ជាមួយការបំពាក់បច្ចេកវិជ្ជាសំឡេង JBL?

note-8-2017

បន្ទាប់ពីក្រុមហ៊ុន Samsung ផុងខ្លួន ក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរកើតឡើង ដោយសារបញ្ហាផ្ទុះឆេះនៃ Note 7 រហូតដល់ល្បីថា អាចនឹងបញ្ឈប់រាល់ការផលិតចេញសែស្រឡាយដ៏ពេញនិយមរបស់ខ្លួនមួយនេះនោះ ស្រាប់តែថ្មីៗនេះ ព័ត៌មានចចាមអារ៉ាមកាន់តែច្រើនឡើងបានលើកថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស របស់កូរ៉េខាងត្បូង មួយនេះ នឹងមិនបោះបង់ចោលត្រកូលទូរស័ព្ទទំនើបអេក្រង់ធំ (Phablet) លំដាប់កំពូលមួយនេះទេ។

ព័ត៌មានទាំងនេះ ត្រូវបានទទួលយល់ស្របដោយអ្នកឯកទេសខាងវិភាគស្មាតហ្វូនម្នាក់ឈ្មោះ Evan Blass តាមរយៈទំព័រ Twitter របស់លោក ដោយអមជាមួយលេខកូដម៉ូដែលទូរស័ព្ទលំដាប់កំពូលៗរបស់ Samsung ដែលគ្រោងនឹងចេញក្នុងឆ្នាំ ២០១៧។

untitled

ក្នុងនោះ លេខកូដសម្គាល់ម៉ូដែលពីរដំបូងនៅលើទំព័រ Twitter របស់លោក ទំនងជាឆ្លើយតបទៅនឹងព័ត៌មាន ចចាមអារ៉ាមស្តីពី Galaxy S8 (SM-G950) បំពាក់អេក្រង់ទំហំ ៥,៧ អីុញ និង Galaxy S8+ (SM-G955) បំពាក់អេក្រង់ទំហំ ៦,២ អីុញ ហើយម៉ូដែលទីបី ដែលមានលេខកូដ SM-N950 ទំនងជាសម្គាល់លើ Galaxy Note 8។ ច្រើនឆ្នាំមកនេះ ផលិតផលសែស្រឡាយ Note របស់ Samsung ត្រូវបានដាក់លេខកូដសម្គាល់ SM-N ក្នុងនោះ Note 7 មានលេខសម្គាល់ SM-N930 ឯ Note 5 មានលេខសម្គាល់ SM-N920 ដូច្នេះ SM-N950 ប្រាកដជាសម្គាល់លើ Galaxy Note 8 ជាមិនខាន។

បើតាមព័ត៌មានចចាមអារ៉ាមកន្លងមក Note 8 ប្រាកដជានឹងចេញនៅឆ្នាំក្រោយ ហើយ Samsung នឹងផលិតវាឱ្យទំនើបអស្ចារ្យមិនធ្លាប់មាន ជាមួយការបំពាក់បន្ទះឈីប Snapdragon 835 អង្គចងចាំបណ្តោះអាសន្នទំហំ 6GB និងអេក្រង់ 4K ដែលសមាធាតុផ្សំទាំងនេះ នឹងធ្វើឱ្យវាក្លាយជាគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់ iPhone 8។

ថ្មីៗនេះដែរ ក៏មានលេចឮមកថា Note 8 នឹងបំពាក់មកឧបករណ៍បំពងសំឡេងប្រើប្រាស់បច្ចេកវិជ្ជាសំឡេង ដ៏កំពូលរបស់ JBL បន្ទាប់ពីខ្លួនបានប្រកាសថា នឹងទិញយកក្រុមហ៊ុនផលិតឧបករណ៍បំពងសំឡេងម៉ាក JBL ឈ្មោះ Harman ក្នុងតម្លៃ ៨ ពាន់លានដុល្លារអាមេរិក៕

មតិយោបល់