ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​​ខេត្តរតនគិរី ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កូន​មុំ​

រតនគិរីៈ ​កម្លាំង​នគរបាល​ខេត្តរតនគិរី ដោយមាន​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ងួន​ គឿន ​ស្នងការ​នគរបាល​ខេត្ត ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បាន​ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ នៅក្នុង​ភូមិ​អូរ​ចេង ឃុំ​តា​អង ស្រុក​កូន​មុំ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផែន ឌី​ណា ស្នងការរង​នគរបាល​ខេត្តរតនគិរី ​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​ប្រមាណ​៥០​នាក់ ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ លើ​ទំហំ​ផ្ទៃដី​ស្រែ​២​ហិកតា ​ដោយសារតែ​គ្រួសារ​នេះ​ពុំ​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់។

លោក​ បាន​បញ្ជាក់ថា ​ដោយមាន​បទបញ្ជា​ពី​អគ្គស្នងការ​នគរបាល​ជាតិ​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ​បាន​ត្រៀម​កម្លាំង​ចុះជួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​មិន​ថា​យប់​ថ្ងៃ ​និង​បាន​ត្រៀម​ចាំ​ជួយ​អន្តរាគមន៍​ក្រុម​គ្រួសារ​ប្រជា​ពល​នៅ​តំបន់​ផ្សេងៗ​ទូទាំង​ខេត្ត​ដែល​ខ្វះ​កម្លាំង​ពលកម្ម​ផង​ដែរ។

លោក គីម វណ្ណា​រិ​ទ្ធ ជា​ម្ចាស់​ស្រែ និង​ជា​អតីត​នាយ​នគរបាល​ដែល​ចូលនិវត្តន៍ ​បាន​ថ្លែងថា ដោយ​សារ​ក្រុមគ្រួសារ​ខ្វះ​កម្លាំង​ពលកម្ម​នោះ រូបលោក​បាន​ស្នើ​សុំ​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ​ចុះជួយ​ច្រូតកាត់​បន្ទាន់ ពីព្រោះ​ស្រូវ​ទុំ​ពេញ​ស្រែ ​អាកាសធាតុ​មិន​អំណោយផល មាន​ភ្លៀង​កក់ខែ អាច​បណ្តាល​ឲ្យ​ស្រូវ​រលួយ​បើ​ប្រមូល​ផល​មិនទាន់។

ជាមួយ​សកម្មភាព​ប្រកបដោយ​សប្បុរសធម៌​របស់​កម្លាំង​នគរបាល​នេះដែរ លោក គីម វណ្ណា​រិ​ទ្ធ សូម​ថ្លែងអំណរគុណ​ដល់​លោកស្នងការ និង​មន្ត្រី​នគរបាល​ក្រោម​ឱ​វាទ​ទាំងអស់​ ដែល​បាន​ចំណាយ​ពេលវេលា​ចុះមក​ជួយ​ច្រូតកាត់​ក្រុម​គ្រួសារ​គាត់ ៕

សមត្ថកិច្ចជួយចុះច្រូតពលរដ្ឋសមត្ថកិច្ចជួយចុះច្រូតពលរដ្ឋសមត្ថកិច្ចជួយចុះច្រូតពលរដ្ឋសមត្ថកិច្ចជួយចុះច្រូតពលរដ្ឋ

មតិយោបល់