យោងតាមការទម្លាយពីអ្នករស់នៅជុំវិញវីឡារបស់លោកមេធាវី កា សាវុត្ថ គឺថ្ងៃទី១ ធ្នូមុននេះ មានការភ្ញាក់ផ្អើលរឿងកូនភរិយាដើមរបស់លោក កា សាវុត្ថ បានព្រួតគ្នាគាស់ទូដែកប្រមូលយកទ្រព្យ របស់មានតម្លៃមួយចំនួន ខណៈដែលផ្ទះវីឡានៅម្ដុំទួលសង្កែ នោះត្រូវគេដឹងថា ជាចំណែករបស់កូនប្រុសអ្នកនាងម៉ៅ ស៊ីណាត ដែលជាដំណក់ឈាមរបស់លោកមេធាវី កា សាវុត្ថ។ មកទល់ពេលនេះ មានការទម្លាយថាក្រោយទូដែកត្រូវបានរបើក មិនមែនលុយកាក់ និងទ្រព្យរបស់នោះទេត្រូវបានបាត់ ឯកសារមួយចំនួនក៏ត្រូវបានបាត់ផងដែរ។
តាមការបញ្ជាក់កន្លងមករបស់អ្នកនាងម៉ៅ ស៊ីណាត គឺក្រោយដាច់ស្រេចជាមួយភរិយាដើម លោកមេធាវី កា សាវុត្ថ និងអ្នកនាងក៏បានរួមរស់ជាមួយគ្នារយៈពេល១៦ឆ្នាំ ដោយបានសង់វីឡាមួយនៅម្ដុំទួលសង្កែ ចូលតាមច្រកផ្លូវជាសុផារ៉ា រស់នៅជាមួយគ្នា។ បើទោះជាអ្នកនាង និងលោកកា សាវុត្ថ អត់មានអេតាស៊ីវិល ប៉ុន្តែនៅក្នុងវីឡានោះគឺមានតែឈ្មោះជាកម្មសិទ្ធិតែ៣នាក់ប៉ុណ្ណោះ គឺលោក កា សាវុត្ថ អ្នកនាង និងកូនប្រុសរបស់អ្នកនាង។ អ្នកនាងថាសូម្បីតែអ្នកនាង និងលោកកា សាវុត្ថ បែកគ្នាក៏អតីតស្វាមី មិនបានលុបឈ្មោះអ្នកនាងចេញពី បញ្ជីនោះឡើយ ដោយសារតែផ្ទះវីឡា នោះគឺមានចំណែករបស់អ្នកនាង ជាអតីតភរិយាក្នុងរយៈ១៦ឆ្នាំ។ អ៊ីចឹងហើយទើបមានការភ្ញាក់ផ្អើល នៅពេលដែលមានការទម្លាយថាក្រោយលោកកា សាវុត្ថ បានទទួលមរណភាពកាលពីថ្ងៃទី២៥ វិច្ឆិកា គឺកូនៗដើម របស់លោកបានចូលមកអុកឡុកផ្ទះវីឡានោះ ហើយល្បីថាពួកគេក៏បានគាស់បំបែកទូដែក យករបស់ទ្រព្យមួយចំនួនចេញពីទូដែកនោះផង។ ប្រភពដែលបានទម្លាយចេញនិយាយថា «តាមដឹងផ្ទះនឹងគឺគាត់(កា សាវុធ) ឲ្យកូនគាត់ជាមួយម៉ៅ ស៊ីណាត តែឮថាកូនៗដើមរបស់គាត់ ដែលកន្លងមកមិនដែលចេញចូលផ្ទះហ្នឹងផង គាស់យកឥវ៉ាន់មួយចំនួនក្នុងទូដែក!»។
អ្នកនាងម៉ៅ ស៊ីណាត ដែលអះអាងថាស្ថិតនៅខេត្តបានថ្លែងប្រាប់ថា មិនច្បាស់ពីរឿងហ្នឹងទេ ប៉ុន្តែមុននេះបន្តិចអ្នកនាងបានឮកូនប្រុសរបស់អ្នកនាង ដែលបានរស់នៅផ្ទះហ្នឹង ជាមួយលោកកា សាវុត្ថ មុនលោកស្លាប់ក្រោយពេលអ្នកនាងបែកគ្នា និយាយប្រាប់បែបនោះដែរ។ អ្នកនាងនិយាយថា«រឿងហ្នឹងខ្ញុំអត់ទាន់ដឹងថាមិចទេ ប៉ុន្តែឮកូនខ្ញុំថាពួកហ្នឹង(កូនៗដើម)ទៅមែន តែអត់ដឹងថាធ្វើអីខ្លះទេ!»។ អ្នកនាងថាវីឡានោះក្រោយពេលអតីតស្វាមីរបស់ខ្លួន ទទួលមរណភាព មានតែកូនប្រុសរបស់អ្នកនាងវ័យជាង១០ឆ្នាំម្នាក់ប៉ុណ្ណោះ មានសិទ្ធិគ្រប់គ្រង ដោយនាងក៏បានប្រកាសថានឹងគ្រោងស្នើសុំឲ្យមេធាវី បើកបណ្ដាំមរតកឲ្យបានដាច់ស្រឡះ ក្រោយពីស្វាមីចែកឋាន ទៅបាន១០០ថ្ងៃនោះផងដែរ។ ប៉ុន្តែអ្វីៗគឺអ្នកនាងបុកពោះ បន្ទាប់ពីឮថាទូដែកត្រូវបានរបើក និងឮថាកូនដើមរបស់អតីតស្វាមី ឡើងចុះផ្ទះនោះញឹកក្រោយពេលអតីតស្វាមី ទទួលមរណភាព ជាពិសេសគឺពាក់ព័ន្ធនឹងឯកសារផ្សេងៗ ។ យ៉ាងណាក៏ដោយអ្នកនាងថា លោកកា សាវុត្ថ នឹងធ្វើបណ្ដាំមរតកច្បាស់លាស់ពាក់ព័ន្ធនឹងផ្ទះវីឡា ដោយសារតែមុនពេលស្លាប់ លោកក៏បានប្រកាសថានឹង ឲ្យផ្ទះនោះទៅកូនប្រុសរបស់នាង ដោយនឹងរៀបចំឯកសារផ្សេងៗ មិនឲ្យកូនដើមរបស់លោកប៉ះពាល់នោះផងដែរ ដ្បិតកូនដើមរបស់លោកបានទទួល ចំណែករួចរាល់យូរហើយ ៕
មតិយោបល់