បន្ទាប់ពីផ្ញើថវិកាជួយដល់ព្រឹទ្ធាចារ្យល្ខោនខោល លោក ឃិត សារិត អាយុ ៩១ ឆ្នាំដែលកំពុងឈឺដាបនោះ អតីតតារាសម្តែងលោក ខៃ ប្រសិទ្ធ បានរំលែក ក៏ដូចជាផ្ញើក្តីអាណិត រួមទាំងថវិកាមួយចំនួន ជួយដល់កុមារី ដែលកំពុងមានជំងឺមហារីកដុះដុំសាច់។
តារាសម្តែងដ៏ល្បីឈ្មោះ សាវិន ហ្វីលីព និងជាស្ថាបនិកមូលនិធិ «សាវិន» ដើម្បីកុមារ បានឲ្យដឹងថា នៅម្សិលមិញនេះ លោក ខៃ ប្រសិទ្ធ បានផ្ញើថវិកា ចំនួន ៥០ម៉ឺនរៀល ជួយដល់ លោក ឃិត សារិត សាស្ត្រាចារ្យល្ខោនខោល ដែលកំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរ ។ ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នេះ លោកខៃ ប្រសិទ្ធ បានបន្ត ជួយដល់ក្មេងស្រី ដែលកំពុងដេកឈឺជាមួយជំងឺ មហារីកដុះដុំសាច់ ។ លោក ថា ដោយសារតែ លោក ខៃ ប្រសិទ្ធ អាណិតដល់កុមារីរងគ្រោះដោយជំងឺនេះ ខ្លាំងពេក ទើបលោក បានផ្ញើក្តីអាណិត ក៏ដូចជា ថវិកា ចំនួន ៥០ ម៉ឺនរៀល ជួយដល់កុមារី លន់ ផាលិកាក្នុងបំណងជាចំណែកមួយសម្រួលដល់ថ្លៃព្យាបាលនិង វះកាត់ ។ លោកថា លោកខៃ ប្រសិទ្ធ ក្រោយឃើញរូបនេះ លោកពិតជាមានអារម្មណ៍ខ្លោចផ្សា និង អាណិតក្មេងស្រីនេះពន់ពេក។
បញ្ជាក់ផងដែរថា កុមារី លន់ ផាលិកា អាយុ ១៤ឆ្នាំ បច្ចុប្បន្នកំពុងមានជំងឺមហារីកដុះដុំសាច់ ផ្នែកស្មាខាងស្តាំ មានទម្ងន់ ៥គីឡូក្រាម ដោយកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យខ្មែ សូវៀត នៅអាគារមហារីក បន្ទប់លេខ ១០៨ ៕
មតិយោបល់