ក្រុមហ៊ុន Lenovo ទើបបានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនមានឈ្មោះថា Zuk Edge ដែលត្រូវបានរចនាឡើងយ៉ាងទំនើប បំពាក់អេក្រង់កោងគ្មានគែម ប្រភេទ 2D ខ្នាត Full HD។
ក្រៅពីអេក្រង់ដែលមានទំហំ ៥,៥ អ៊ីញ លានសន្ធឹងស្មើ ៨៦,៤% នៃផ្ទៃទូរស័ព្ទទាំងមូល Zuk Edge ក៏បំពាក់មកជាមួយសមាសភាព Hardware លំដាប់កំពូលៗផងដែរ ជាអាទិ៍ បន្ទះឈីប Snapdragon ជំនាន់ 821 SoC អមជាមួយ RAM 4GB ឬ 6GB និងបច្ចេកវិជ្ជាសាកថ្មរហ័សពេញតាមរន្ធ USB-C ជាដើម។ ចំណែកកាមេរ៉ារបស់វាវិញ ផ្នែកខាងក្រោយគឺមានទំហំ ១៣ មេហ្គាភិចសែល ប្រើខ្នាត aperture f/2.2 និងអាចចាប់ភិចសែលកម្រិត 1.34μm ចំណែកកាមេរ៉ាមុខមានទំហំ ៨ មេហ្គាភិចសែល ហើយវាក៏មានបំពាក់បន្ទះស្គេនក្រយ៉ៅដៃ ដែលអាចអានក្រយៅដៃអ្នកប្រើប្រាស់ដោយប្រើថេរវេលាត្រឹមតែ ០.០៩ វិនាទីប៉ុណ្ណោះ។ អ្វីដែលពិសេសបំផុតនោះគឺ វាមានតម្លៃប្រកួតប្រជែងខ្ពស់បំផុត ដោយសម្រាប់ម៉ូដែលបំពាក់ RAM ទំហំ 4GB ថ្លៃ ៣៣០ ដុល្លារ ឯម៉ូដែលបំពាក់ RAM ទំហំ 6GB ថ្លៃ ៣៦០ ដុល្លារ (តម្លៃដាក់លក់នៅប្រទេសចិន)។
គួររំឭកថា កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Huawei ក៏បានប្រកាសចេញកំពូលស្មាតហ្វូនអេក្រង់កោង ម៉ូដែល Huawei Magic នៅក្នុងទឹកដីសហរដ្ឋអាមេរិកផងដែរ៕
ប្រភពព័ត៌មាន៖ 9to5google
មតិយោបល់