ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់បទ«សេដ្ឋីស្រុកស្រែ» នៅផ្ទះលិចទឹកប្រក់ស័ង្កសី ពេលឡើងកូដ

ខុសពីតារាចម្រៀងភាគច្រើនដែលមានឈ្មោះបោះសំឡេង គឺមានជីវិតហ៊ឺហារ និងឡូយឆាយ ប៉ុន្តែលោកសុខ រតន: ហៅលោកជេកស៍ ដែលអ្នកណាក៏ស្គាល់ថាជាម្ចាស់បទ«សេដ្ឋីស្រុកស្រែ» បានអះអាងថាលោកគ្រាន់តែជាអ្នកចម្រៀងរស់នៅក្នុងផ្ទះលិចទឹកដំបូលប្រក់ស័ង្កសី និងស្ថិតក្នុងទីតាំងមិនសមរម្យនៅតំបន់ស្ទឹងមានជ័យប៉ុណ្ណោះ ក្នុងពេលលោកឡើងកូដជាតារាចម្រៀងនៅផលិតកម្មរ៉ក់។ លោកបានបន្តស្ថានភាពបែបនេះ អស់រយ:ពេលច្រើនឆ្នាំ ដោយទើបតែមានឱកាសទិញផ្ទះតម្លៃជិត២០ម៉ឺនដុល្លារ នៅម្ដុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្លូវជា សុផារ៉ា និងបានធ្វើពិធីសម្ពោធកាលពីយប់ថ្ងៃទី២៧ ធ្នូយប់មិញប៉ុណ្ណោះ។

លោកជេកស៍និយាយថា មុនបោះជំហានចូលជាតារាចម្រៀងរ៉ក់ លោកគ្រាន់តែជាអ្នករត់តុម្នាក់ប៉ុណ្ណោះ។ បន្តបន្ទាប់មកលោកក៏ចូលប្រលងចម្រៀងជាប់ ហើយត្រូវផលិតកម្មរ៉ក់កុងត្រា ធ្វើជាអ្នកចម្រៀង និងបានល្បីជាមួយបទ«សេដ្ឋីស្រុកស្រែ»។ លោកថាក្នុងពេលកេរ្តិ៍ឈ្មោះស្ទុះឡើង លោករស់នៅផ្ទះតូចចង្អៀតប្រក់ស័ង្កសី និងលិចទឹកគ្រប់ពេលភ្លៀងយ៉ាងលំបាក តែលោកមិនដែលបិទបាំងនូវស្ថានភាពរបស់ខ្លួននោះទេ គឺនៅតែហ៊ានប្រាប់គេ និងមិនខ្លាចរឿងអ្នកដឹងរឿង លោកហើយមាក់ងាយលោក។ យ៉ាងណាមិញ ឱកាសបានចេញទៅច្រៀងនៅក្នុងប្រទេសអូស្រ្តាលីញឹកញាប់ លោកក៏មានលទ្ធភាពបើកវង់អកកេសតូចមួយ ហើយក៏បានពង្រីកបន្តិចម្ដងៗរហូតមានវង់អកកេស និងឆាកភ្លើងកាន់តែធំទៅៗ ដែលអាចទទួលអាហ្វែសម្រាប់កម្មវិធីប្រគំតន្ត្រីធំបាន។ លោកថាខ្លួនទទួលជោគជ័យ លើអាជីពបើក«វង់តន្ត្រីជេកស៍» ទើបរយ:ពេលច្រើនឆ្នាំដែលបានបាត់មុខពីកញ្ចក់ទូរទស្សន៍ គឺលោកសន្សំលុយបានជាមួយគ្រួសារ ហើយទិញបានផ្ទះមួយជុងតម្លៃជិត២០ម៉ឺនដុល្លារ ដោយបានធ្វើពិធីឡើងផ្ទះយ៉ាងធំដុំកាលពីយប់ថ្ងៃទី២៧ ធ្នូ។ខ្លួន លោកទើបតែលក់ផ្ទះលិចទឹកនៅស្ទឹងមានជ័យ កាលពីប៉ុន្មានខែមុនប៉ុណ្ណោះ ដោយបានប្រាក់តិចតួចប៉ុណ្ណោះ យកមកបង្គ្រប់ទិញផ្ទះដែលមានតម្លៃខ្ពស់។ អ៊ីចឹងហើយទើបលោកយល់ថា បើកុំតែមានអាជីពសិល្ប: និងមានឱកាសបានបើកវង់តន្ត្រី គឺប្រហែលជាលោកនឹងបន្តរស់នៅផ្ទះលិចទឹកប្រក់ស័ង្កសី គ្មានជម្រើសនោះទេ។

លោកជេកស៍ បន្តពិធីឡើងផ្ទះរបស់លោកមានចំនួនជិត៤០តុ ដោយតារាសិល្ប:ដែលបានចូលរួម ក៏ច្រើនណាស់ដែរ បើទោះជាលោកមិនសូវលេចមុខនៅកញ្ចក់ទូរទស្សន៍ និងគ្មានផលិតកម្មច្រៀងដូចមុន។ តារាទាំងនោះលោកថារួមមាន លោកហេង ស៊ីម៉ន, លោកនេនទុំ, កញ្ញាបេប៊ី, នាយផ្លាទីន, លោកម៉ារ៉ា ប៉ុណ្ណា, លោកសាយ ឆៃយ៉ា, លោកស៊ឹម ស៊ីណាត, កញ្ញាវុទ្ធ សុគន្ធា តារាចម្រៀងសុខគា ហៅញ៉ាញ់, លោកស៊ុម ស៊ីថា, ឌីជេកណ្ដុរ, លោករ័ត្ន មករា, លោកជិន វឌ្ឍនា និងតារាសិល្ប:ជាច្រើនទៀត ដោយពួកគេម្នាក់មិនចោលសម្រាប់កម្មវិធីរបស់លោកឡើយ។ លោកជេកស៍បញ្ជាក់ថាវង់តន្ត្រីមានតាំងពីប្រភេទតូចធំ និងមានតម្លៃធូរជាងវង់តន្ត្រីតារាសិល្ប:ផ្សេងទៀត ទើបលោកទទួលជោគជ័យ រហូតមានលទ្ធភាពទិញផ្ទះបានមួយជុងនាពេលនេះ៕

មតិយោបល់