មកទល់ពេលនេះតារាសម្ដែងជើងចាស់អ្នកនាងសុខ ស្រីមុំ នៅតែមិនមានដំណឹងមានកូនជាដំណក់ឈាមរបស់ខ្លួនជាមួយនឹងស្វាមីបរទេសដែលជាស្វាមីក្រោយនោះទេ បន្ទាប់ពីអ្នកនាងបានដាច់ស្រេចជាមួយស្វាមីជនជាតិខ្មែរ ដោយបន្សល់ទុកនូវកូនប្រុសម្នាក់។ យ៉ាងណាមិញ គេកត់សម្គាល់ថាអ្នកនាងមិនដែលបង្ហាញអត្តសញ្ញាកូនប្រុសម្នាក់នោះជាសាធារណៈនោះទេ ដោយសូម្បីតែពេលអ្នកនាងមកលេងស្រុកក៏មិននិយាយ ហើយនៅលើបណ្ដាញហ្វេសប៊ុកក៏មិនដែលផុសអោយឃើញថាកូនប្រុសនោះមុខមាត់ដូចម្ដេច?
នៅលើគណនីហ្វេសប៊ុករបស់តារាជើងចាស់រូបនេះ អ្នកនាងរមែងបង្ហោះពីជីវិតសប្បាយឡូយឆាយនៅលើទឹកដីក្រៅប្រទេស។ ម្ដងអ្នកនាងត្រូវគេឃើញបង្ហាញខ្លួននៅរដ្ឋកាលីហ្វកញ៉ា ម្ដងឃើញបង្ហាញខ្លួននៅកោះហាវៃរបស់សហរដ្ឋអាមេរិក និងម្ដងក៏ឃើញបង្ហាញខ្លួននៅក្នុងប្រទេសកូស្ដារីកាដែលប្រទេសដើមរបស់ស្វាមី។ ប៉ុន្តែអ្នកនាងមិនដែលបង្ហាញមុខមាត់កូនប្រុសអោយមហាជនបានស្គាល់នោះទេ ខណៈដែលអ្នកនាងគឺកាន់តែឆ្ងាយនឹងកូនប្រុស ដែលខុសពីអ្នកនាងអម្ពរ ទេវី ដែលបានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតម្មួតជាមួយកូនប្រុស។
អ្នកនាងសុខ ស្រីមុំ ច្រើនបង្ហាញខ្លួនច្រៀងរាំតាមបណ្ដារដ្ឋដែលមានបងប្អូនខ្មែររស់នៅ និងមានភាពស្និទ្ធិស្នាលជាមួយជាក្រុមការងារ និងស្វាមី ច្រើនជាងជាមួយកូនប្រុសដែលជាដំណក់ឈាម។ សម្អាងលើស្វាមីរបស់ខ្លួនជាផលិតករកុនផង និងជាតន្ត្រីករផង អ្នកនាងសុខ ស្រីមុំ មានឱកាសស្ទើរទាំងស្រុងជោគជាំនឹងសិល្បៈនៅក្រៅប្រទេស ដែលបណ្ដាលអោយអ្នកនាងត្រូវបង្ខំចិត្តដើរឆ្ងាយចោលកូនច្រើនជាងជួបជុំ។
យ៉ាងណាមិញ អ្នកនាង និងកូនប្រុស នៅតែមានការបញ្ជាក់ថាទាក់ទងគ្នាជាធម្មតាប៉ុណ្ណោះ បើទោះជាអ្នកនាងមិនដែលបង្ហាញមុខមាត់កូនប្រុសសូម្បីតែម្ដង ដើម្បីអោយគេដឹងថាកូនប្រុសរបស់អ្នកនាងឈ្មោះអ្វី សិក្សាដល់ណា មានអាយុប៉ុន្មានហើយ និងមានស្ថានភាពដូចម្ដេច។ នៅលើហ្វេសប៊ុក អ្នកនាងផុសតែការងារបង្អួតសម្រស់ និងច្រៀងរាំប៉ុណ្ណោះ ក្នុងពេលដែលអ្នកនាងបង្អួតយ៉ាងច្បាស់ជាងគេគឺលោក Bigwavedave Haskin ជាជនអាមេរិកសញ្ជាតិកូស្ដារីកា ជាស្វាមី ស្ទើរតែគ្រប់សកម្មភាព។ មហាជនជាច្រើនមានការងឿងឆ្ងល់ពីទំនាក់ទំនងរវាងអ្នកនាង និងកូនប្រុស ក្នុងពេលដែលអ្នកនាងមិនដែលបង្ហាញអោយមហាជនបានស្គាល់ ហើយអ្នកនាងក៏ច្រើនតែលើកឡើងថាជារឿងគួរអោយស្ដាយដែលអ្នកនាង និងស្វាមីក្រោយមិនមានដំណក់ឈាមជាចំណងដៃ។ ក្នុងនោះអ្នកនាងក៏មិនមានគម្រោងចុះមកលេងស្រុកជាថ្មីម្ដងទៀតដូចកាលពីឆ្នាំ២០០៧នោះផងដែរ ដោយអ្នកនាងបញ្ជាក់ប្រាប់អ្នកគាំទ្រ?លើហ្វេសប៊ុកថារវល់ការងារជាមួយស្វាមី មិនអាចឆ្លៀតបាននៅឡើយ៕
មតិយោបល់