ព័ត៌មានជាតិ

បង្ក្រាបក្រុមអ្នកប្រើប្រាស់គ្រឿងញៀនជាង១០នាក់ នៅភូមិត្រពាំងឈូក

ភ្នំពេញ: ជនសង្ស័យចំនួន១២នាក់ ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងតំបន់ ភូមិត្រពាំងឈូក ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះបង្ក្រាបបាន កាលពីវេលាម៉ោង១០ និង២០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ក្នុងភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ការបង្ក្រាបនេះដែរ មានការដឹកនាំកម្លាំងដោយ លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បានដឹកនាំកម្លាំងដោយផ្ទាល់ ចុះមកបង្ក្រាបសម្បុកគ្រឿងញៀនខាងលើ។ ជាលទ្ធផលសមត្ថកិច្ចធ្វើការចាប់ខ្លួនបានអ្នកប្រើប្រាស់គ្រឿងញៀនចំនួនចំនួន៥នាក់ យកមកកាន់អធិការខណ្ឌនគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ផ្តន្ទាទោស។

លុះនៅវេលាម៉ោង២ និង១៥នាទី រំលងអាធ្រាត្រឈានចូលយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចបានបន្តចុះបង្ក្រាបចំណុចកើតហេតុនៅក្នុងភូមិត្រពាំងឈូកដដែល ឃាត់បានតែអ្នកប្រើប្រាស់ដូចគ្នា ចំនួន៧នាក់ រួមនឹងម្នាក់ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការពិនិត្យទឹកនោម រកសារធាតុញៀន។ ចំពោះអ្នកដែលគ្មានសារធាតុញៀននោះទេ សមត្ថកិច្ចនឹងដោះលែងឲ្យត្រលប់មកផ្ទះវិញផងដែរ។

សូមបញ្ជាក់ដែរថា ភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខខាងលើនេះ ល្បីឈ្មោះជាង២០ឆ្នាំមកហើយ ដោយត្រូវបានមហាជនដាក់ឈ្មោះថាជាតំបន់ ស្តេចចែកចាយគ្រឿងញៀន ហើយទោះសមត្ថកិច្ចខំចាប់ទាំងយប់ទាំងថ្ងៃ ក៏នៅតែចាប់ចេះមិនអស់ដដែល៕

មតិយោបល់