ក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍មហាស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី១ កាលពីថ្ងៃទី៣ មករា គេកត់សម្គាល់ថារឿងខ្លីរបស់តារាសម្ដែងលោក ថៃ ប៊ុននាង បានជាប់ក្នុងជម្រើសរឿងទាំង១៨រឿងនៅក្នុងព្រឹត្តិការណ៍នេះ។ យ៉ាងណាមិញនៅមិនទាន់ដឹងថាក្នុងចំណោមរឿងខ្លី ដែលស្ថិតក្នុងការប្រកួតប្រជែងជាស្នាដៃ របស់ផលិតករវ័យក្មេងនៅក្នុងវិស័យភាពយន្តនោះ តើរឿងរបស់លោក ឬរបស់ផលិតករ ផ្សេងជាអ្នកជាប់នោះទេ ។
លោកថៃ ប៊ុននាង តារាសម្ដែង និងជាអ្នកចាត់ការទូទៅប្រចាំផលិតកម្មចក្រវាទ្បថ្លែងថា ក្រោយការបញ្ចប់វគ្គសិក្សាលើជំនាញផលិតកុន លោក និងបេក្ខភាពដទៃទៀតក៏តម្រូវអោយផលិតស្នាដៃ ភាពយន្តខ្នាតខ្លីដើម្បីប្រកួតប្រជែងគ្នា។ ក្នុងចំណោមភាពយន្តដែលបានផលិតឡើងទាំងអស់ លោកថាមានតែ១៨រឿងប៉ុណ្ណោះ ដែលមានមុខចូលក្នុងព្រឹត្តិការណ៍ភាពយន្តខ្នាតខ្លីកម្ពុជា ដែលបើកព្រឹត្តិការណ៍ថ្ងៃទី៣ មករា និងបញ្ចប់នៅថ្ងៃទី៧ មករាខាងមុខ ដោយសូម្បីរឿងដែលផលិតឡើង ដោយផលិតកម្មចក្រវាទ្បក៏មិនត្រូវបានជាប់ក្នុងជម្រើសនោះដែរ។ លោកថាខ្លួនបានផលិតរឿងខ្លីក្រោមចំណងជើងថា «ក្ដីប្រាថ្នា» ដោយខ្សែរឿងនេះឆ្លុះបញ្ចាំងពីជីវិតក្មេងរើសអេតចាយ និងជារឿងដែលលោកនិពន្ធ និងផលិតដោយខ្លួនផ្ទាល់ គឺមិនមែនជាស្នាដៃរបស់ផលិតកម្មចក្រវាទ្បនោះឡើយ។ លោកមិនរំពឹងថាស្នាដៃរបស់ខ្លួន នឹងទទួលបានចំណាត់ថ្នាក់ពី១ដល់៣ ដែលត្រូវប្រកាសឡើងដោយគណកម្មការវាយតម្លៃនោះទេ ប៉ុន្តែលោកបានបង្ហាញមោទនភាព ដែលរឿងជាច្រើនដាក់ប្រកួត ហើយរឿងរបស់លោកបានជាប់ ក្នុងជម្រើស១៨រឿង សម្រាប់មហោស្រព។ លោកទទូចអោយគំាទ្រស្នាដៃមួយនេះ ដោយលោកបញ្ជាក់ថាប្រសិនបើជាប់ជ័យលាភី នោះលោកនឹងយកខ្លឹមសាររឿងនិពន្ធជារឿងខ្នាតវែង ហើយផលិតជាខ្សែភាពយន្ត។
លោកស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថានេះជាការប្រកួតប្រជែងលើកទី១នៅក្នុងប្រទេសកម្ពុជា ដោយគោលបំណងរបស់ព្រឹត្តិការណ៍នេះ គឺចង់បណ្ដុះអ្នកជំនាញ ដែលមានការងារជាអ្នកផលិតកុន អោយមានឯកទេសពិតប្រាកដលើការផលិតកុន។ លោកថាការវាយតម្លៃ នឹងជួយអោយអ្នកប្រកួតប្រជែង យល់ដឹងពីទម្រង់ភាពយន្ត ហើយអ្នកបានឆ្លងកាត់ការប្រលងទាំងអស់ នឹងទទួលបានចំណេះដឹងកាន់តែច្បាស់ ពីគណកម្មការជំនាញដែលសុទ្ធតែជាព្រឹទ្ធាចារ្យក្នុងវិស័យភាពយន្ត៕
មតិយោបល់