ព័ត៌មានកីឡា

គ្រូ​បង្វឹក Buriram ​៖ “ក្រុម​ខ្ញុំ​លេង​នេះ ​គឺ​តំណាង​បាល់ទាត់​ថៃ អ្នក​គាំទ្រ​ថៃ”

លោកRanko Popovic ​គ្រូ​បង្វឹក​របស់​ក្រុម Buriram United ​បាន​និយាយ​ថា​ការ​ប្រកួត​ជាមួយ​ក្រុម Lanexang United ​នៅ​ពាន Toyota Mekong Cup ​នេះ គឺ​ក្រុម​របស់​លោក​លេង​តំណាង​ឱ្យ​បាល់ទាត់​ថៃ​និង​អ្នក​គាំទ្រ​ថៃ​តែ​ម្ដង។

Lanexang United ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Buriram United ​ជើង​ទី​១​នៅ​ទឹក​ដី​ឡាវ ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Toyota Mekong Cup 2016 ​ក្រោយ​ពី​ក្រុម​ជើង​ឯក​ឡាវ​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​បឹង​កេត​អង្គរ​របស់​កម្ពុជា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដល់​ទៅ ៣-០។ ខណៈ​ដែល​ក្រោយ​ពី​ចប់​ការ​ប្រកួត​ជើង​ទី​១​នេះ​ទៅ ​បើ​ទោះ​ជា​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ ​ក៏​ក្រុម​ទាំង​ពីរ​នេះ​នឹង​ត្រូវ​លេង​ជើង​ទី​២​ម្ដង​ទៀត ​នៅ​ថ្ងៃ​ទី​៧​ខែ​មករា​ខាង​មុខ​នេះ ​នៅ​ទឹក​ដី​ថៃ​វិញ​ម្ដង។

មុន​ការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ចាប់​ផ្ដើម ​លោកRanko Popovic ​គ្រូ​បង្វឹក​របស់​ក្រុម Buriram United ​បាន​បង្ហើប​ថា​៖ “នេះ​ជា​ការ​ប្រកួត​ដំបូង​របស់​យើង ត្រៀម​លេង​លីគ​កំពូល​ថៃ។ ខ្ញុំ​សូម​អបអរ​និង​សរសើរ​ដល់​ក្រុម Lanexang ​ដែល​ទទួល​ជោគជ័យ​កន្លង​មក ពួកគេ​ជា​ក្រុម​ខ្លាំង។ ប៉ុន្តែ​យើង​មក​លេង​នៅ​ទី​នេះ គឺ​តំណាង​ឱ្យ​បាល់ទាត់​ថៃ អ្នក​គាំទរ​ថៃ ​និង​ Thai Premier League ​តែ​ម្ដង។ យើង​នឹង​ធ្វើ​ឱ្យ​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​នេះ ដើម្បី​បាន​លទ្ធផល​ល្អ”។

ការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ Toyota Mekong Cup 2016 ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Chao Anouvong Stadium ​ទឹក​ដី​របស់​ឡាវ ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ​២០១៧៕

 

 

មតិយោបល់