យោងតាមការទម្លាយចុងក្រោយគឺផលិតកររឿង«ទឹកភ្នែកកក»អ្នកនាងប៊ុន ចាន់និមល ជាអតីតអ្នកនិពន្ធល្បីឈ្មោះនៅផលិតកម្មសាន់ដេ ស្ថិតក្នុងចំណុចតុកស៊ិចរឿងហិរញ្ញវត្ថុ បន្ទាប់ពីបានបោះទុនផលិតរឿងភាគមួយនេះ។ យ៉ាងណាមិញ ក្រោយការទទួលស្គាល់ការទម្លាយចេញ ផលិតកររូបនេះបានអះអាងថាសុខចិត្តអស់ពីខ្លួន គឺមិនអោយរឿងដែលអ្នកនាងផលិតផ្អាកថតកណ្ដាលទី ឬបន្ថយគុណភាពខុសពីការប្រកាសឡើងនោះទេ។
ប្រភពពីក្រុមការងារក្នុងផលិតកម្មសាស្រ្តា(Sastra Film) ដែលជាផលិតកម្មថ្មីរបស់អ្នកនាងប៊ុន ចាន់និមល បានអះអាងថាក្រោយការបោះទុនផលិតរឿង«ទឹកភ្នែកកក» អោយទូរទស្សន៍បាយ័ន ផលិតកររូបនេះកាន់តែចំណាយច្រើនឡើង ដោយខ្ទង់ចំណាយចុងក្រោយបានធ្វើអោយអ្នកនាងប្រឈមហិរញ្ញវត្ថុច្រើនឡើយព្រោះតែរឿងចិត្តធំខុសពីផលិតករភាគច្រើន។ អ្នកនាងត្រូវគេឃើញប្រើលុយរៀបចំប្លង់ថ្មីនៅតាមផ្ទះដែលជួលគេថត និងក្នុងទីតាំងដែលបានជ្រើសថត ដោយអោយអ្នកជំនាញដេគ័រទម្រង់ថ្មីតាមក្ដីស្រម៉ៃស្ទើរមិនខានមួយប្លង់ ទើបបណ្ដាលអោយខ្ទង់ចំណាយឈានដល់ច្រើនម៉ឺន ហើយធ្វើអោយនាងប្រឈមរឿងហិរញ្ញវត្ថុ។ ការទម្លាយគួរអោយទុកចិត្តបានអះអាងថា អ្នកនាងឈានដល់ដំណាក់កាលតុកស៊ិច ហើយក៏ញញឹមមិនសូវស្រស់នោះដែរ នៅពេលទ្រព្យរបស់ និងខ្ទង់បម្រុងសម្រាប់ចំណាយលើគម្រោងផ្សេងៗ ត្រូវអ្នកនាងសម្រេចបង្វែរយកប្រើក្នុងរឿង«ទឹកភ្នែកកក»ច្រើនឡើង។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាងប៊ុន ចាន់និមល បានទទួលស្គាល់ថាអ្នកនាងពិតជាមានរឿងប្រឈមនឹងហិរញ្ញវត្ថុប្រាកដមែន។ អ្នកនាងនិយាយថា«ខ្ញុំអត់លាក់ទេ ខ្ញុំលូវលង់នឹងរឿង«ទឹកភ្នែកកក»ចង់អស់ពីខ្លួនហើយ តែខ្ញុំតាំងចិត្តហើយថាអត់ថតឆិនឆៃទេ ខ្ញុំនឹងទុកស្នាដៃហ្នឹងសម្រាប់ជីវិត!»។ អ្នកនាងបានសារភាពមួយភាគក្នុងរឿង«ទឹកភ្នែកកក»ភាគខ្លះចំណាយដល់ពាន់ដុល្លារ ដោយសារតែអ្នកនាងកំណត់អោយរៀបប្លង់ថ្មី មិនថាប្លង់ក្រៅផ្ទះ ក្នុងផ្ទះ ឬក្នុងបន្ទប់ គឺសុទ្ធតែទិញសម្ភារៈរៀបប្លង់ថ្មីស្ទើរទាំងអស់ តាមក្ដីស្រម៉ៃ។ អ្នកនាងនិយាយថា«រឿងហ្នឹងខ្ញុំទើបថតបានជាង១០ភាគទេ តែនិយាយពីចំណាយដល់ករហើយ ចូលចង់អស់លទ្ធភាព ពេលខ្លះចង់ភ័យថាថតរឿងហ្នឹងអត់ចប់ តែអត់ទេសុខចិត្តទៅទៀត អត់បន្ថយគុណភាពរឿងទេ!»។ អ្នកនាងថាការចំណាយដែលធំ គឺការទិញដូរសម្ភារៈរៀបចំប្លង់ថ្មី ការកាត់សំលៀកបំពាក់អោយតួ និងការចំណាយលើក្រុមការងារក្នុងពេលចុះថតតែម្ដង ដោយសារតែអ្នកនាងកំណត់ដាក់គ្រប់ផ្នែកមិនឆិនឆៃ។ ដ្បិតថាទទួលស្គាល់ រឿងចំណាយលើសកម្រិតប៉ះពាល់ហិរញ្ញវត្ថុ តែអ្នកនាងបញ្ជាក់ថានឹងប្រឹងតស៊ូ ដោយការរំពឹងថាគឺអ្នកនាងសង្ឃឹមថាការគាំទ្រ ចំពោះស្នាដៃនេះនឹងមានខ្លាំង ដើម្បីកុំអោយអ្នកនាងខាតដើម និងកម្លាំង៕






មតិយោបល់