ព័ត៌មានសិល្បៈ និងកម្សាន្ត

សុន ស្រីពេជ្រ ប្រកាសដើរចេញពីហង្សមាស

ខណ:ដែលតារាចម្រៀងយក់ ឋិតរដ្ឋា ទើបតែបានប្រតិកម្មពាក់ព័ន្ធនឹងរឿងហង្សមាសធីបចោល ហើយមិនមានដំណោះស្រាយនៅឡើយផង តារាចម្រៀងត្រកូលអ្នកកំប្លែងនាង សុន ស្រីពេជ្រ ឯណេះវិញ ក៏បានប្រកាសដើរចេញពីទ្រនំមួយនេះដូចគ្នា។ នាងថាខ្លួននឹងគ្រោងដើរចេញ បន្ទាប់ពីខាងហង្សមាស លែងមានវិធានការលើកស្ទួយចំពោះនាង ខណ:ដែលក្នុងជំនួបដោយផ្ទាល់ នាងក៏ធ្លាប់បង្ហើបថានឹងចូលជ្រកផលិតកម្មថ្មីមួយ មុនពេលបង្ហោះសារជាសាធារណ:ប្រកាសថា នឹងចាកចេញពីហង្សមាស។

សុន ស្រីពេជ្រ បានបង្ហោះនៅលើហ្វេសប៊ុកថា «ជម្រើសល្អគឺចាកចេញ គេមានមនុស្សច្រើនហើយចឹងយើងគួរចេញទៅចាប់យកទ្រនំថ្មី ដែលផ្ដល់ក្ដីសង្ឃឹមថ្មីសម្រាប់យើង ទាន់មានឱកាស!»។ បើទោះជាសារបង្ហោះនោះត្រូវបានលុបវិញ នៅប៉ុន្មានម៉ោងក្រោយ ប៉ុន្តែតារាស្រីរូបនេះ ធ្លាប់បានប្រកាសហើយថាខ្លួន នឹងចេញពីហង្សមាសដូចអ្វីដែលបានលើកឡើង ខណ:ដែលជំហរលើកនេះនឹងក្លាយជាការពិត បន្ទាប់ពីខាងហង្សមាសក៏ធ្វើឲ្យនាងស្ងប់ស្ងាត់រហូតលែងមានបទថ្មីផ្ទុយពីរយ:ពេលមុន។ នាងថាហង្សមាសលើកស្ទួយតែបទប្រភេទយុវវ័យប៉ុណ្ណោះ អ៊ីចឹងហើយទើបបទប្រភេទពីជំនាន់ដើម ត្រូវបានកាត់បន្ថយ ហើយតារាចម្រៀងដូចនាងក៏ត្រូវខ្ទាតចោល ដោយក្រៅពីគ្មានបទថ្មី ក៏បាត់ទាំងឱកាសចេញច្រៀងក្នុងវេទិកាធំៗ។ យ៉ាងណាមិញ សុន ស្រីពេជ្រ មិនទាន់ទម្លាយឲ្យដឹងពីផលិតកម្មថ្មី ដែលនាងគ្រោងជ្រកនោះទេ ដោយគ្រាន់តែបានបង្ហើប ក្នុងជំនួបដោយផ្ទាល់ថា នាងនឹងពិចារណាហក់ចូលផលិតកម្មមួយ និងដើរចេញពីហង្សមាសក្នុងពេលឆាប់ៗ។

ពាក់ព័ន្ធនឹងបញ្ហានេះតំណាងខាងហង្សមាស ហាក់មិនមានការអើរពើចំពោះជំហរ របស់តារាចម្រៀងរួមមានយក់ ឋិតរដ្ឋា និងសុន ស្រីពេជ្រ ប្រកាសដើរចេញនោះទេ ដោយមន្ត្រីម្នាក់ នៅពេលស្នើឲ្យមានការបកស្រាយ គឺលើកដាក់ឲ្យគ្នា និងថាខ្លួនរវល់ មិនអាចនិយាយជុំវិញប្រតិកម្មនេះបាន៕

មតិយោបល់