ព័ត៌មានសេដ្ឋកិច្ច

តំបន់រមណីយដ្ឋានវត្តភ្នំ នឹងប្រែក្លាយទៅជា តំបន់គោលដៅទេសចរណ៍ទាក់ទាញបំផុត

សាលារាជធានីភ្នំពេញ​ នឹងកែប្រែរមណីយដ្ឋានវត្តភ្នំ ឲ្យក្លាយទៅជាតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត ដែលជាតំបន់គោលដៅដ៏សំខាន់ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើយោងតាមការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

លោកបន្តថា លោកនឹងខិតខំជម្រុញ ឲ្យមន្រ្តីជំនាញបង្កើតកញ្ចប់ផលិតផលទេសចរណ៍វប្បធម៌ផ្សេងៗទៀត សម្រាប់ភ្ញៀវ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានវត្តភ្នំ។

តំបន់សួនកុមារវត្តភ្នំពេញ នឹងត្រូវកែលម្អឲ្យស្អាត រួមទាំងបង្កើតសាលាសិល្ប:សូន្យរូប គូរគំនូរ ចម្លាក់ ស្ពាន់ប្រាក់ សម្រាប់លក់ទៅឲ្យភ្ញៀវទេសចរ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:រាជធានីភ្នំពេញ។

លើសពីនេះទៅទៀត រោងសិល្ប:នៅខាងត្បូងរមណីយដ្ឋាន នឹងត្រូវរៀបចំឲ្យមានការប្រគុំតន្រ្តី ចម្រៀងសម័យ ដែលសម្តែងដោយបងប្អូនជនពិការ ដើម្បីឲ្យពួកគេអាចស្វែងរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពបានផងដែរ។

គួរបញ្ជាក់ដែរថា រមណីយដ្ឋានវត្តភ្នំពេញ ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង ១០០០នាក់ ក្នុងមួយថ្ងៃ ហើយភ្ញៀវអន្តរជាតិ ត្រូវចំណាយ ១ដុល្លារអាមេរិក ដើម្បីចូលទស្សនាតំបន់នេះ៕

មតិយោបល់