ភ្នំពេញ: បើទោះជាក្រុមតារាសិល្បៈកាន់តែច្រើន សុទ្ធតែអះអាងថា អ្នកនាង ម៉េង កែវពេជ្ជតា ប្ដូរចិត្ត អវត្តមាន នៅក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ នៅយប់ថ្ងៃទី៨ឧសភានេះនៅសាលចតុមុខ ដោយអះអាងថាស្ថានភាពអស់កម្លាំងហេវហត់របស់អ្នកនាង ដែលបង្កពីការរាគក្អួតព្រោះពុលអាហារកាលពីយប់ថ្ងៃទី៦នៅមិនទាន់មានកម្លាំងទាំងស្រុង។
ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ លោកសុះ ម៉ាច ជាប្រធានសមាគមបានអះអាងថា អ្នកនាងនៅតែបង្ហាញខ្លួនឡើងច្រៀងសម្រាប់កម្មវិធីនេះដដែលទេ ។ លោកថាការបង្ហោះប៉ាណូកាលពីរសៀលថ្ងៃនេះដោយក្រុមតារាសិល្បៈ ហើយមិនមានរូបថតរបស់អ្នកនាងម៉េង កែវពេជ្ជតា គឺជាប៉ាណូចាស់កាលពេលមិនទាន់បានទាក់ទងសុំឲ្យអ្នកនាងមកជួយកម្មវិធីប៉ុណ្ណោះ។
លោកថាបើទោះអ្នកនាងមិនទាន់បានជាទាំងស្រុង ប៉ុន្តែអ្នកនាងបានត្រៀមខ្លួនរួចហើយ សម្រាប់ការប្រគំតន្ត្រីលក់សំបុត្រនៅសាលចតុមុខយប់នេះ ដោយអ្នកនាងនឹងមានច្រើនបទឡើងច្រៀង។ ក្នុងនោះកញ្ញាមាស សុខសោភា ក៏នឹងមានច្រើនបទផងដែរ បន្ថែមពីលើវត្តមានរបស់ Miss Blobal 2015 ទាំង៣ ដែលបានត្រៀមខ្លួនរួចរាល់សម្រាប់វេទិកាទាំងមូល។ លោកថាកម្មវិធីច្រៀងប្រមូលថវិកាពីការលក់សំបុត្រ និងការបរិច្ចាគរបស់អ្នកចូលរួមនៅក្នុងយប់នេះ គឺដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ តារាសិល្បៈយ៉ាងច្រើនកុះករក៏នឹង បង្ហាញខ្លួនជាភ្ញៀវកិត្តិយស និងចូលរួមក្នុងការសម្ដែងសម្រាប់យប់នេះផងដែរ។
លោកថាកម្មវិធីសប្បុរសធម៌ថ្នាក់ជាតិនេះ ចាប់ផ្ដើមសម្ដែងពីម៉ោង៦ ដល់ម៉ោង៩យប់នៅសាលចតុមុខ ដោយតម្លៃសំបុត្រសម្រាប់ភ្ញៀវខ្មែរគឺ១០ដុល្លារ និងបរទេស១៥ដុល្លារ។ លោកនៅតែបញ្ជាក់ថាថ្មីថា បើទោះជាមានភាពស្រពិចស្រពិលបញ្ជាក់ថា អ្នកនាងម៉េង កែវពេជ្ជតា សុំលុបគម្រោងឡើងឆាកព្រោះតែមានបញ្ហាសុខភាព ក៏នោះគ្រាន់តែជាព័ត៌មានភាន់ច្រលំប៉ុណ្ណោះ ដោយការពិតគឺអ្នកនាងនឹងមកច្រៀងតាមការគ្រោងទុកនៅយប់ថ្ងៃទី៨ ឧសភា នេះ៕
មតិយោបល់