យោងតាមការបញ្ជាក់របស់អ្នកស្រីសោម ម៉ានី ជាភរិយា លោកណូយ វណ្ណេត បួសតែ១៥ថ្ងៃប៉ុណ្ណោះ បើទោះជាអ្នកស្រី និងក្រុមគ្រួសារបានប្រកាសបើកផ្លូវអោយលោកបួសដល់រយៈពេលយូរឆ្នាំ ឬបួសមួយជីវិតក៏បាន ដើម្បីអោយលោកបានបុណ្យកុសលកាន់តែច្រើន។ អ្នកស្រីថា ស្វាមីមិនបួសយូរទេ ដោយសារតែលោកនៅមានបំណងបន្តសិល្បៈការងារ និង មុខជំនួញរបស់គ្រួសារមិនទាន់អស់អាល័យ។
ភរិយាលោកណូយ វណ្ណេត និយាយថា សម្រាប់អ្នកស្រីនៅតែរក្សាជំហរចង់អោយស្វាមីបួសកាន់តែយូរកាន់តែល្អ ក្រោយពេលឃើញលោកសម្រេចកោរសក់បួស កាលពីព្រឹកថ្ងៃទី១ កុម្ភៈ ប៉ុន្តែមកពីលោកប្រកាសជំហរថា សុំបួសត្រឹមតែ១៥ថ្ងៃ ទើបយល់ថាការសម្រេចចិត្តបែបនោះក៏ជារឿងល្អមួយ។ លោកនឹងសឹកនៅពាក់កណ្ដាលខែនេះ ហើយត្រលប់មកកាន់អាជីពសិល្បៈ និងគ្រប់គ្រងមុខជំនួញលក់អាហារបំប៉នដូចដើម ដោយពេលវេលានៃការសឹកអាចនឹងមុនកំណត់មួយថ្ងៃ ឬក្រោយកំណត់មួយថ្ងៃនោះផង ដើម្បីអាចរើសថ្ងៃល្អ។ អ្នកស្រីថាស្វាមីមិនទាន់អស់ចំណង់រឿងការងារសិល្បៈនោះទេ ទើបលោកសម្រេចចិត្តបួសតែ១៥ថ្ងៃ ដើម្បីជាការលាបំណន់ ហើយបន្ទាប់ពីនោះគឺបន្តប្រឡូកនឹងសិល្បៈដូចដើម។ លោកនៅតែអះអាងថាស្រឡាញ់ការងារច្រៀងរាំ និងបំពេញការងារប្រចាំ បើទោះត្រូវភរិយាចេញមុខរ៉ាប់រង បើលោកសម្រេចចិត្តបន្តបួសកាន់ខែកាន់ឆ្នាំមិនសឹក។ អ្នកស្រីក៏ប្រកាសចេញមុខដោះស្រាយ នូវរាល់ការងារតូចធំ ដោយមិនធ្វើអោយលោកគិតច្រើននោះផង តែលោកនៅតែមិនមានជំហរបន្តយូរ។ អ្នកស្រីថាចំណូលគ្រួសារអត់ប៉ះពាល់ទេ ដោយសារតែអ្នកស្រីមានចំណូលពីផ្ទះវីឡាជួលមួយខែ៣ពាន់ដុល្លារ និងមានអ្នកគ្រប់គ្រងមុខជំនួញលក់អាហារបំប៉ន ដោយរាល់ថ្ងៃបើទោះជាលោកមិនទាន់បួស ក៏មានអ្នកបំពេញការងារបាន។ អ្នកស្រីថាស្វាមីសម្រេចចិត្តបួសតែ១៥ថ្ងៃ គឺបណ្ដាលមកពីមិនទាន់ចង់បោះបង់សិល្បៈ និងមិនចង់បង្ខំខ្លួនឯងនៅក្នុងព្រះពុទ្ធសាសនា នាំអោយក្លាយជាបាបទៅវិញ ទើបអ្នកស្រីយល់ថាបានត្រឹមតែភ្ជាប់និស្ស័យប៉ុណ្ណឹង ក៏ជារឿងប្រសើរ។ អ្នកស្រីថារយៈពេល១៥ថ្ងៃ នៅវត្តគល់ទទឹង,កោះក្របី ទាំងស្វាមី និងកូនប្រុសទី២របស់ខ្លួន ដែលបានបួសស្របគ្នា នឹងមិនទទួលដឹងឮនូវរាល់ការងារទាំងអស់ ខណៈដែលពាក់កណ្ដាលខែកុម្ភៈ ក៏នឹងសឹកព្រមគ្នាដោយមិនទាន់មានការប្រែប្រួលលើសពីនេះ៕







មតិយោបល់