កាលពីយប់ថ្ងៃទី១៨ កុម្ភៈម្សិលមិញ ក្រុមការងារកូរ៉េ និងខ្មែរបានរួមគ្នាប្រគំតន្ត្រីយ៉ាងកក្រើកនៅទីលានប្រជាធិបតេយ្យក្នុងបំណងប្រមូលថវិការ៉ៃអង្គាសពីអ្នកទស្សនា៥០ភាគរយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ប៉ុន្តែទន្ទឹមនឹងវត្តមានតារាខ្មែរ និងកូរ៉េដែលអ្នកណាក៏មើលឃើញថាផ្អើលមហាជន ទិដ្ឋភាពចាត់ចែងនៅខាងក្រោយឆាកឯណោះវិញចង់ផ្អើលជាងការសម្ដែងណាស់ដែរ ដោយសារតែតារាខ្មែរដែលបានចូលរួមស្ម័គ្រចិត្តជាពិសេសគឺពិធីករពិធីការិនី ប៊ិះនឹងផ្ទុះចម្រូងចម្រាស់ជាមួយអ្នកដឹកនាំជាជនជាតិកូរ៉េ។
យោងតារាប្រុសស្រី២រូប ដែលស្ម័គ្ត្រចិត្តជួយច្រៀងនៅក្នុងវេទិកានេះបានប្រាប់ផុសញូថា ការប្រគំតន្ត្រីដែលចាត់ចែងដោយជនជាតិកូរ៉េសហការជាមួយទូរទស្សន៍ NTV នោះ ទទួលបានជោគជ័យតែមិនរលូននោះទេ សម្រាប់យប់ថ្ងៃទី១គឺថ្ងៃទី ១៨ កុម្ភៈនោះ។ តារាខ្មែរភាគច្រើនត្រូវបានផលិតករកកូរ៉េ ស្រែកគំហ៊កអោយខ្លាំងៗ ដោយសូម្បីតែការនិយាយស្ដីក៏ត្រូវត្បិតត្បៀត ដោយអ្នកគ្រប់គ្រងជាជនជាតិកូរ៉េនោះដែរ។ ប្រភពដែលផ្តល់អោយពិធីករ និងពិធីការិនីបានអះអាងថាសម្រាប់តារាខ្មែរ គ្រាន់តែនិយាយគួរសមមហាជនតែបន្តិចក៏ផលិតកររូបនេះស្រែកស្ដីបន្ទោស និងតម្រូវអោយពិធីករពិធីការិនីកាត់សម្ដីកណ្ដាលទីដែរ។ តែសម្រាប់តារាកូរ៉េវិញ ទោះជានិយាយឡើងវ៉ល់ច្រើននាទីក៏ផលិតករជាជនជាតិកូរ៉េដដែលនោះបើកសិទ្ធិអោយនិយាយ។ តារាសិល្បៈជាច្រើនបានអះអាងថាលោករៀបចំប្រគំតន្ត្រីយ៉ាងកក្រើកនៅទីលានប្រជាធិបតេយ្យកាលពីយប់ម្សិលមិញ ប៊ិះនឹងផ្ទុះចម្រាស់ចម្រាស់ដំឡើងសំឡេងដាក់គ្នា ដោយសារតែកាយវិកា និងពាក្យសម្ដីរបស់ផលិតករជាជនជាតិកូរ៉េម្នាក់នោះមិនអោយតម្លៃដល់ការលះបង់របស់តារាខ្មែរ។ តារាខ្មែរម្នាក់និយាយថា«ជាលើកទី១ដែលខ្ញុំបានជួបអ្នករៀបចំកម្មវិធីចឹង(ជនជាតិកូរ៉េ) មើលងាយខ្មែរ(តារា)ហួស បើកុំតែយល់ថាកម្មវិធីហ្នឹងជាសប្បុរសធម៌ កុំអីពួកខ្ញុំដើរចេញ!»។ យ៉ាងណាមិញ តារាដដែលថា សម្រាប់ការប្រគំនៅយប់ថ្ងៃទី១៩ កុម្ភៈនេះ មានការបញ្ជាក់ថាតំណាងរបស់ទូរទស្សន៍NTV នឹងដឹកនាំម្ដង ទើបតារាខ្មែរគ្រប់រូបដែលបានទទួលការស្ដីបន្ទោសមិនសមគួរពីផលិតករកូរ៉េ សម្រេចចិត្តទៅជួយមួយយប់ទៀត។ អ្នកទម្លាយព័ត៌មានមិនខុសគ្នា បន្តថាការប្រគំតន្ត្រីយប់មិញប៊ិះនឹងផ្ទុះចម្រូងចម្រាស់ផ្អើលឆាក ហើយបើកុំតែមានការសម្រុះសម្រួលកុំអីមានតារាដែលជួយសម្ដែងរត់ចោលកណ្ដាលទី។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការទម្លាយយ៉ាងរសើបនេះ មិនទាន់សុំការបញ្ជាក់ពីក្រុមអ្នករៀបចំជាជនជាតិកូរ៉េ និងមន្ត្រីនៅNTV បាននៅឡើយទេ។
គួរបញ្ជាក់ថា ការប្រគំតន្ត្រីនេះមានរយៈពេល២យប់នៅទីលានប្រជាធិបតេយ្យ ដោយមានក្រុមកូរ៉េ២ក្រុមមកច្រៀង រួមជាមួយគ្នានឹងតារាខ្មែរល្បីៗ។ ព្រឹត្តិការណ៍នេះត្រូវបានបញ្ជាក់ថាភាគីកូរ៉េចង់រួមចំណែកស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយគ្រោងប្រគល់ចំណូលពីការបរិច្ចាគ៥០ភាគរយជួយដល់គន្ធបុប្ផា៕
មតិយោបល់