ព័ត៌មានសិល្បៈ និងកម្សាន្ត

ងួន សុបិន បំភ្លឺព័ត៌មានចេញពីថោន​

ម្ចាស់បទ «ជីវិតអ្នកប្រដាល់» លោក ងួន សុបិន កំពុងឭនូវព័ត៌មាន រង្គោះរង្គើរ គ្រោង​នឹងដើរចេញពីថោន ក៏ព្រោះតែមានបញ្ហាជម្លោះជាមួយនឹង​អ្នកអាជីព​រួមទ្រនំ​។​

​អ្នកក្នុងចង្កោមសិល្បៈបាននិយាយតៗគ្នា​ថា លោក ងួន សុបិន ដើរចេញពីថោន សម្រាប់ព័ត៌មាននេះលោកក៏បានបកស្រាយប្រាប់ Post Komsan ក៏ដូចជា Post News Media ឲ្យដឹងថា បច្ចុប្បន្នលោកអត់ទាន់មានការចាកចេញនោះទេ គឺនៅធ្វើការធម្មតានៅផលិតកម្មថោន គ្រាន់តែមិនសូវបានទៅ Office តែប៉ុណ្ណោះ ។

លោក ងួន សុបិន បានលើកឡើងថា មិនសូវបានទៅ Office ក៏ព្រោះតែលោក រវល់ការងារសិល្បៈខាងក្រៅពេក និងចង់សម្រាកខួរខ្លះ ក្រោយមានបញ្ហារិះគន់ជាច្រើន តាមរយៈបទ «ជីវិតអ្នកប្រដាល់» និង ជាពិសេស គឺបទ «ស៊ីបានក៏ស៊ីទៅ» ។​
ព័ត៌មានចរចាមអារ៉ាម ដែលថាលោកគ្រោងនឹងចាកចេញពីថោននេះ ក៏ព្រោះតែ​អ្នកសារព័ត៌មាន មិនបានឃើញវត្តមាន​របស់លោក ក្នុងពិធីថត​អាលប៊ុមចូលឆ្នាំ ។
បើទោះបីជាអះអាងយ៉ាងដូច្នោះក្តី តែប្រភពច្បាស់ការថា លោក ងួន សុបិន នឹងដើរចេញពីថោនឆាប់ៗ ការដើរចេញនេះ ក៏ព្រោះតែមានបញ្ហាទង្គិច​ជាមួយ កវីនិពន្ធ លោក យឹម តាស្រង់ ។​

ពាក់ព័ន្ធនឹងព័ត៌មានជម្លោះនេះដែរ លោក ងួន សុបិន ក៏បានស្រាយបញ្ជាក់ទៀតថា «ចានក្នុងរាវ វាតែងតែប៉ះទង្គិចគ្នា» ហើយ​ «ចាននិងស្លាប់ព្រា ក៏តែងតែប៉ះគ្នា ពេលយើងហូបបាយ» អ៊ីចឹងហើយ ជម្លោះតិចតួច វាពិត​ជាកើតមានមែន តែមិនដល់ថ្នាក់ធំដុំទេ ។ លោកថា ជម្លោះនោះគឺជម្លោះលើតុ ប្រកែករកចំណុច ដើម្បីអភិវឌ្ឍន៍ ក្រុមហ៊ុន ធ្វើយ៉ាងណាឲ្យទៅមុខ ឈានមុខគេ និងអាចចាត់ទុកថា វា​គ្រាន់តែជាជម្លោះ សិល្បៈនៃការវែកញែក តែប៉ុណ្ណោះ មិនមានរឿងអ្វីគួរ​ឲ្យកត់សម្គាល់ទេ​ ៕

មតិយោបល់