ក្នុងពិធីជួបជុំតួសម្ដែង និងផលិតករដើម្បីអបអរការដាក់បញ្ចំាងរឿងភាគ«មន្តស្នេហ៍ក្រមុំបាយឆា»ជាផ្លូវការនៅPNN កាលពីល្ងាចថ្ងៃទី២៨ កុម្ភៈ លោក លៀក លីដា ចាងហ្វាងផលិតកម្មLD បានអះអាងថាមកទល់ពេលនេះបណ្ដាផលិតករទាំងអស់សុទ្ធតែបានទទួលកម្រៃឈានឡើងពីស្ថានីយ៍ទូរទស្សន៍សម្រាប់ការផលិតរឿងភាគ។
យ៉ាងណាមិញ លោកថាតម្លៃដែលបានកើនឡើងនោះ មិនអាចជួយអោយគ្រប់ផលិតករកែប្រែកម្រិតរឿងបានល្អនោះទេ ដោយសារតែមានហេតុផលចំពោះមុខ។
លោកនិយាយថាថ្វីដ្បិតថាទូរទស្សន៍ក្នុងស្រុកចាប់ផ្ដើមដំឡើងថ្លៃក្នុងមួយភាគៗពីបណ្ដាទូរទស្សន៍បានពី២០០ទៅ៣០០ដុល្លារ តែលោកកត់សម្គាល់ថាតម្លៃដែលទទួលបាននោះ មិនគ្រប់នឹងការកែប្រែគុណភាពរឿងនោះទេ។
លោកលៀក លីដា បន្តថា កាលពីមុនក្នុងមួយភាគប៉ុស្ដិ៍អោយតែក្រោម១ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែដល់ពេលមួយភាគៗមានតម្លៃកើនឡើង គឺតួសម្ដែងក៏បានឡើងថ្លៃដូចគ្នា ដែលមិនខុសពីយកលុយដំឡើងពីប៉ុស្ដិ៍មកអោយតែតារាសម្ដែងអស់ៗដដែល។
លោកនិយាយថា«ឥឡូវហ្នឹងមិនមែនតែខ្ញុំទេ ដែលបានឡើង គឺផលិតករផ្សេងក៏ឡើងដែរ ប៉ុន្តែមួយភាគឡើង២-៣០០ដុល្លារ យើងយកមកកែប្រែគុណភាពរឿងអីអត់បានទេ បើគ្រាន់តែតួ Background ១៥-២០លែងថតអស់ហើយហ្នឹង ហើយយើងបន្ថោកគាត់មិច បើរាលថ្ងៃផលិតកម្មកុនមានតម្រូវការតួគ្រប់កន្លែងរកតួថតអត់បានផងដែរ អ៊ីចឹងតែតួរវល់តម្លៃពួកគេក៏កាត់ថ្លៃខ្ពស់ដែរ!»។
លោកលើកឧទាហរណ៍ថា ខ្សែរឿង«មន្តស្នេហ៍ក្រមុំបាយឆា» ទូរទស្សន៍PNN បានផ្ដល់កម្រៃអោយលោកខ្ពស់ជាងការផលិតរឿងភាគមុនៗ ប៉ុន្តែលោកនៅតែមិនបានទទួលលុយនោះ យកមកបន្ថែមលើកម្រិតគុណភាព និងបច្ចេកទេសមិនខុសមុន ដោយសារតែតួ និងក្រុមបច្ចេកទេសសុទ្ធតែទារឡើងថ្លៃ។ លោកថាផលិតករខ្លះនៅបន្តកេងគុណភាពនៅឡើងទេ ដោយសារតែហេតុផលតួដំឡើងថ្លៃហើយមិនមានចំណូលផ្សេងទប់។
ប៉ុន្តែLD មិនធ្វើដូច្នេះនោះទេ ដោយសារតែលោកមានចំណូលពីការផលិតកុនដុំយកមកទប់ ហើយតារាភាគកច្រើនដែលធ្លាប់ធ្វើការជាមួយLD ក៏មិនសូវក្រឡុករឿងតម្លៃ។ លោកថាផលិតករដែលពឹងប្រាក់ចំណូលពីប៉ុស្ដិ៍តែម្យ៉ាង មិនមានអ្វីក្រៅពីបន្ថយគុណភាពនៅពេលតារាតូចធំដំឡើងថ្លៃនោះទេ បើទោះជាប៉ុស្ដិ៍ដែលបានសហការក៍ បានដំឡើងថ្លៃលើការផលិតអោយផលិត។
ពិសេសនៅពេលតួសម្ដែងទារថ្លៃ គឺមិនមានអ្វីក្រៅពីសម្រេចដូរតួល្បីចេញ និងថតឈិនឆៃប្លង់ខ្លះៗនោះទេ នៅពេលតម្លៃប៉ុស្ដ៍ដំឡើង និងតម្លៃតួដំឡើងមិនសមតុល្យគ្នា។
លោកលៀក លីដា ពន្យល់ថាខ្សែរឿង«មន្តស្នេហ៍ក្រមុំបាយឆា» ដែលបានចាក់ផ្សាយនៅPNN កាលពីយប់ថ្ងៃទី២៨ កុម្ភៈតទៅ គឺជារឿងភាគដែលលោកប្រកាសថាចំណាយការផលិតអស់ច្រើនជាងគេ បើធៀបនឹងការចំណាយមុនៗក្នុងការផលិតរឿងភាគមួយភាគៗ។
គុណភាពទាំងប្លង់ និងសំឡេង សុទ្ធតែមានការត្រួតពិនិត្យ និងធានាល្អមិនចាញ់រឿងបរទេសនៅះឡើយ ទើបរឿងមួយនេះធ្វើអោយលោកជឿថាទទួលបានជោគជ័យព្រោះតែមានចំណុចពិសេសត្រង់ឆ្លុះបញ្ចាំងពីការតស៊ូ ស្នេហាច្របូកច្របល់ និងកំប្លុកកំប្លែងយ៉ាងឥតខ្ចោះ។
ពីតួសម្ដែងសំខាន់៤រូប គឺកញ្ញាគៀត សុវណ្ណាឡាង កញ្ញា សាឡាត់ ស្រីឡាង លោកលឹម ជាឡាយ និងលោកអែតវីន លោកថាសុទ្ធតែសម្ដែងម៉ត់ចត់។ លោកថារឿងនេះបើទោះជាសម្រេចអោយដាក់ផ្សាយផ្លូវការកាលពីថ្ងៃទី២៨ កុម្ភៈ នៅ PNN តែរឿងទាំងមូលរហូតដល់ថ្ងៃ៦ មិនា ទើបត្រូវថតចប់។ លោកថាពិធីជួបជុំនោះ គឺចង់អោយតួសម្ដែងទាំងអស់បានញាំអី ហើយទស្សនាការផ្សាយបន្តផ្ទាល់ភាគដំបូងរួមគ្នា ដើម្បីជាការអបអររឿងដាក់ផ្សាយផង និងដើម្បីជប់លៀងសម្រាប់តួសម្ដែង និងផលិតករក្នុងរឿង«មន្តស្នេហ៍ក្រមុំបាយឆា» ដែលបានសម្រេចការងារក្នុងរឿងនោះផង៕
https://www.youtube.com/watch?v=O1gy7-WCaE0
មតិយោបល់