ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា មានសេវាសង្គ្រោះបន្ទាន់តាម ឧទ្ធម្ភាគចក្រ ជាលើកដំបូងបង្អស់ហើយ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានសម្រេចដាក់ឲ្យដំណើរការសេវាសង្គ្រោះបន្ទាន់ តាមឧទ្ធម្ភាគចក្រ ក្នុងស្រុក និងចេញទៅព្យាបាលនៅក្រៅប្រទេស ខណៈការប្រើប្រាស់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្តមានលក្ខណៈស្របតាមស្តង់ដាអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោកវេជ្ជបណ្ឌិត សំអាត វង្សខុមថង នាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់ថា ការបង្កើតឲ្យមានសេវាជួយសង្គ្រោះអ្នកជម្ងឺបន្ទាន់តាមឧទ្ធម្ភាគចក្រនេះ គឺត្រូវការក្រុមវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ និងអ្នកជំនាញគ្រប់គ្រាន់ ក្នុងការដឹកតាមយន្តហោះ និងក្រុមគ្រូពេទ្យជំនាញក្នុងការវះកាត់អ្នកជម្ងឺភ្លាមៗ ប្រចាំការលើ ២៤ម៉ោង។

ការផ្តល់សេវាសង្រ្គោះបន្ទាន់តាមជើងអាកាសនេះ គឺផ្តោតសំខាន់ទៅលើការជួយផ្តល់សុវត្ថិភាពរបស់អ្នកជម្ងឺ ហើយបើការចំណាយពេលវេលាវែង ការជួយសង្គ្រោះជីវិតអ្នកជម្ងឺ អាចមានសង្ឃឹមតិច។

អ្នកជម្ងឺ ដែលត្រូវការជួយសង្គ្រោះបន្ទាន់ ចំាបាច់ក្នុងការវះកាត់ ការព្យាបាល និងសង្គ្រោះបន្ទាន់បានទាន់ពេលវេលាជាមួយនឹងឧបករណ៍បរិក្ខារពេទ្យទំនើបៗ គឺអាចជួយសង្គ្រោះអាយុជីវិតប្រកបដោយការយកចិត្តទុកដាក់ និងត្រឹមត្រូវបំផុត។

គួរបញ្ជាក់ដែរថា មន្ទីរពេទ្យ ក៏បានសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ដើម្បីជម្រុញឲ្យមានសេវាសង្គ្រោះបន្ទាន់នេះ នៅកម្ពុជា៕

មតិយោបល់