កាលពីព្រឹកថ្ងៃទី៦ មិនា ផលិតរឿង«សរសរកន្លោង»បានប្រារព្ធពិធីក្រុងពាលី អមដោយពិធីសែនព្រែនយ៉ាងធំនៅវត្តវិហារសួគ៌ ដែលទីសក្ការៈបូជាសក្កសិទ្ធិមួយក្នុងជំនឿខ្មែរ។ មានហេតុផលជាច្រើនដែលនាំអោយផលិតករសម្រេចចិត្តធ្វើពិធីនៅក្នុងទឹកដីនោះ។
លោករ៉ូណាន់ ជាតួសម្ដែង និងជាផលិតករបានអះអាងថា ដោយសារតែចង់ជុំគ្នាបន់ស្រន់លាបំណន់ផង និងសុំសុខសប្បាយផង ទើបលោក និងក្រុមការងាររឿង«សរសរកន្លោង»សម្រេចចិត្តជុំគ្នាធ្វើពិធីក្រុងពាលីនៅក្នុងបរិវេណវត្តវិហារសួគ៌។
ម្យ៉ាងមកពីទីតាំងនោះជាទីសក្ការៈបូជាធំមួយដែលជាប្រជាជនខ្មែរនិយមគោរពបូជា ដើម្បីសុំសេចក្ដីសុខសប្បាយផង ទើបលោកកយល់ថាការធ្វើពិធីក្រុងពាលីនៅវត្តវិហារសួគ៌ គឺមិនខុសពីការប្រមូលផ្ដុំតារា និងផលិតកររបស់ផលិតកម្មឥន្ទ្រានិមិត្ត ដើម្បីទៅសុំពរជ័យសម្រាប់រឿងថ្មីរបស់ខ្លួន។
លោកថារឿង«សរសរកន្លោង»ក្រោយការក្រុងពាលីនឹងដំណើរការចេញថត ដោយប្លង់មួយចំនួនក៏ស្ថិតនៅតំបន់វិហារសួគ៌ផងដែរ ទើបសម្រេចចិត្តបួងសួងនៅទីអារ៉ាមនោះ ដើម្បីអោយកាន់តែមានជោគជ័យជាងរឿង«កំណត់ហេតុនាងនាថ!!» ដែលមានអ្នកទស្សនារាប់ម៉ឺននាក់ក្នុងពេលបញ្ចាំង។
រឿងនេះ លោកថាចេញថតចំណាយទុនខ្ពស់ជាងមុន ដោយសារតែត្រូវការតួសម្ដែងច្រើន និងត្រូវថតសម្រិតសម្រាំងអោយមានគុណភាព។ អ្វីដែលលោកនឹងធ្វើអោយផ្អើលនោះ គឺលោកបានតាក់តែងតួខ្មោច អោយមានភាពចម្លែក ឃើញហើយរន្ធត់ ដើម្បីកន្ត្រាក់នូវការចាប់អារម្មណ៍អោយខ្លាំងដូចរឿង«កំណត់ហេតុនាងនាថ»។
លោករំពឹងយ៉ាងខ្លាំងថា រឿង«សរសរកន្លោង»នឹងទទួលជោគជ័យ ដោយសារតែសាច់រឿងទាក់អារម្មណ៍ និងជារឿងដែលដកស្រង់ពីរឿងព្រេងខ្មែរ ពាក់ព័ន្ធនឹងផ្ទះសរសរកណ្ដាល។ យ៉ាងណាមិញ លោកថាសន្ទុះជោគជ័យខ្លាំង ឬមិនខ្លាំង លុះត្រាតែចាំមើលមហាជនគាំទ្រក្នុងពេលថតចប់ ហើយដាក់បញ្ចាំងជាមុនសិនទើបអាចកំណត់បាន។ លោកថាពិធីក្រុងពាលីរឿងកាលពីព្រឹកថ្ងៃទី៦ មីនា នៅវត្តវិហារសួគ៌នោះ មានតួអង្គសំខាន់ៗចូលរួមកុះករ បន្ថែមពីលើលោកតាលោកយាយ និងអ្នកស្រុកដែលជាចំណុះជើងវត្ត៕
មតិយោបល់