ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ែន ចំរ៉ុង និងភរិយា ទៅបំភ្លឺនៅតុលាការព្រមគ្នា

ភ្នំពេញ: បើទោះជាគ្មានការបកស្រាយពីសាមីខ្លួនទាំងសងខាង ក៏ប្រភពដែលអាចទុកចិត្ត បានអះអាងថា លោកប៉ែន ចំរ៉ុង និងភរិយាគឺ ភិន សុដាលីស នឹងទៅបំភ្លឺនៅតុលាការនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ឧសភានេះ ព្រមគ្នា ដោយតាមគម្រោង គឺពួកគេនឹងចូលបំភ្លឺតាមការកោះហៅនៅវេលាម៉ោង៩ព្រឹក។

យ៉ាងណាមិញ គេមិនទាន់ដឹងថានឹងមានបញ្ហាលើកពេលលើកម៉ោង ឬយ៉ាងណានោះទេ ដោយសារតែមន្ត្រីតុលាការដែលក្ដោមក្ដាប់លើការកោះហៅនេះ មិនទាន់អាចទំនាក់ទំនងបាន។ ប៉ុន្តែអ្វីដែលគេបានដឹង គឺអ្នកទាំងពីរនឹងចូលបំភ្លឺតុលាការ នៅថ្ងៃនេះព្រមគ្នា បើទោះជាម៉ោង៩ព្រឹក តាមកំណត់ ឬក្នុងចន្លោះម៉ោងណាមួយនៅមិនទាន់ដឹង។

មន្ត្រីតុលាការថ្នាក់រដ្ឋបាលមួយរូប បានបង្ហើបថា ប៉ែន ចំរ៉ុង បានជម្រាបមកកាន់តុលាការថាលោកនឹងចូលបំភ្លឺ ប៉ុន្តែចំពោះអ្នកនាងភិន សុដាលីស នៅមិនទាន់បានបញ្ជាក់ថានោះទេ។ ប៉ុន្តែភាគីដែលខាងក្រុមគ្រួសាររបស់នាង បានអះអាងថានាងទំនងនឹងថ្វីដ្បិតមិនច្បាស់១០០ភាគរយ។

ភរិយារបស់លោក អ៉ិន ដែលត្រូវជាម្ដាយរបស់ ភិន សុដាលីស បានថ្លែងប្រាប់ថា កូនស្រីរបស់ខ្លួននឹងអាចមកតាមការកោះហៅ ដោយសារតែនាងបានប្រាប់ដូច្នេះថានាងមិនខ្លាចប្រឈម។ អ្នកស្រីបញ្ជាក់ថាខ្លួន និងក្រុមគ្រួសារមិនបានជូននាងមកកាន់តុលាការនោះទេ ដោយអ្នកស្រីមានជាប់កិច្ចការដែលមិនអាចដកឃ្លា។ អ្នកស្រីនិយាយថា «រឿងបំភ្លឺហ្នឹងអាអាលីសប្រហែលទៅ ប៉ុន្តែខ្ញុំអត់បានជូនទៅទេ ព្រោះជាប់ធ្វើការថ្ងៃ១២ (ឧសភា) ហ្នឹង ដាលីសទៅម្នាក់ឯងបានទេរឿងចឹងនោះ!»។ អ្នកស្រីមិនច្បាស់ថា តម្រុយរវាងគូស្នេហ៍ទាំងពីរតើអាចសម្រុះសម្រួល ឬបន្តលែងគ្នានោះទេ ដោយសារតែដាលីស ក៏មិនបានបញ្ជាក់អ្នកស្រីឲ្យលម្អិត។ អ្នកស្រីនិយាយថា «វា(ដាលីស) អត់និយាយអីទើបខ្ញុំពិបាកស្មាន ប៉ុន្តែបើរឿងទៅបំភ្លឺខ្ញុំថាវាទៅហើយ ប៉ុន្តែចង់ដឹងថាវាទៅមែនឬអត់ទាល់តែចាំមើលសិន!»។ អ្នកស្រីថាបើទោះជាភិន សុដាលីសនឹងលែង ឬស្ថិតក្នុងសម្រុះសម្រួល គឺមិនមានអ្នកណាម្នាក់ទាយបាននោះទេ ដោយសារតែរឿងរ៉ាវនោះ គឺដាលីសទើបអាចអាកាត់ដោយខ្លួនឯង។

នៅលើបណ្ដាញសង្គមរបស់ ភីន សុដាលីស ត្រូវគេកត់សម្គាល់ថា បានសារភាពថានាងពិតជាផ្ទៃពោះ និងមានបញ្ហាត្រូវ ប៉ែន ចំរ៉ុង ជាស្វាមីប្ដឹងលែង។ ប៉ុន្តែមើលទៅនាងហាក់មានអារម្មណ៍ស្រស់ថ្លាជាងមុនច្រើន ទើបគេពិបាកស្មានថាតើនាងសប្បាយចិត្ត ព្រោះតែគិតច្បាស់រឿងទៅលែងលះជាមួយ ប៉ែន ចំរ៉ុង តបតាមបណ្ដឹង ឬក៏បានត្រូវរ៉ូវស្ងាត់ជាមួយភាគីលោក ប៉ែន ចំរ៉ុង បាត់ទៅហើយក្នុងពេលដែលអ្នកទាំងពីររក្សាជំហរស្ងប់ស្ងាត់រៀងខ្លួនបែបនេះ៕

photo_2016-05-12_06-59-28 photo_2016-05-12_06-59-27 photo_2016-05-12_06-59-26 photo_2016-05-12_06-59-25 photo_2016-05-12_06-59-31

មតិយោបល់