ក្នុងពិធីមសម្ពោធរឿង«ផ្ទះសរសរកណ្ដាល»របស់ផលិតកម្ម Red Picture លោកប៉ែន ចំរ៉ុង បានប្រកាសយ៉ាងក្ដែងៗថាលោកនឹងទទួលថតត្រឹមជាតួមួយប្លង់ក្នុងរឿងក៏សប្បាយចិត្ត ដោយលែងប្រកាន់ជំងឺតួឯកដូចមុនទៀតហើយ។ ជំហររបស់លោកត្រូវបានបណ្ដាញសារព័ត៌មានចុះផ្សាយព្រោងព្រាយ ហើយក៏មានន័យឆ្លើយតបនឹងការបាត់បង់ទីផ្សារជាតួឯក ក្រោយរងការរិះគន់ជុំវិញរឿងរ៉ាវស្នេហាអាស្រូវជាមួយអ្នកនាងភិន សុដាលីស ដែលលោកធ្លាប់បានប្រកាសថានឹងអោយនាងសើចច្រើនជាងយំ ក្រោយពេលដែលនាងសុខចិត្តបោះបង់ឪពុកហើយជ្រើសរើសលោកជាស្វាមីនោះ។
អ៊ីចឹងហើយទើបគេឃើញតារារូបនេះ ធ្លាក់កូដពីតួឯក មកជាតួមួយប្លង់ក្នុងរឿង”ត្រកូលអ្នកប្រដាល់”មុននេះ និងជាតួមួយប្លង់បាត់មុខមួយទៀត ក្នុងរឿង”ផ្ទះសរសរកណ្ដាល” ដែលទើបដាក់បញ្ចាំង។ លោកក៍ត្រូវគេឃើញ ទទួលច្រៀងការយ៉ាងសាមញ្ញក្នុងតម្លៃមិនថ្លៃស្ទើរគ្រប់ពេលផងដែរ នាពេលចុងក្រោយ។
លោកប៉ែន ចំរ៉ុង បានសារភាពថាលោកឈប់ប្រកាន់គោលការណ៍តួឯកទើបទទួលសម្ដែងទៀតហើយ ដើម្បីបើកផ្លូវអោយក្រុមផលិតករដែលចង់បានលោក អោយទាក់ទងលោកយកទៅសម្ដែងអោយបានច្រើន។ លោកថាការប្រកាន់ជំងឺតួឯក នឹងធ្វើអោយតារាដែលមានជំហរសម្ដែងតែតួឯក ឬតួធំ បាត់បង់ទីផ្សារ ជាពិសេសនៅពេលតារារះថ្មីរះឡើងព្រោងព្រាត ស្របគ្នាដែលតារាម្នាក់នោះកាន់តែជ្រេជាងមុន។ ក្នុងនោះតំណែងក្នុងជាតួអ្វីក្នុងរឿងក៏លោកមិនប្រកាន់នោះដែរ បើទោះជាតួចេញមួយកំបិតស្លាប់ក៏លោកទទួលសម្ដែង។ ការប្រកាសរបស់លោកគឺជារឿងចម្លែកមួយនៅក្នុងវិស័យសិល្បៈ ដោយសារតែនៅស្រុកខ្មែរ មិនមានតារាល្បីជួរមុខណាម្នាក់ហ៊ានប្រកាសទទួលថតត្រឹមតួមួយប្លង់ដូចលោកទាល់តែសោះ។ យ៉ាងណាមិញ មានការលើកឡើងថា យុទ្ធសាស្រ្តរបស់លោកប៉ែន ចំរ៉ុង គឺជាជំហានធ្វើអោយទីផ្សារសម្ដែងរបស់លោកហក់ឡើងជាថ្មីប៉ុណ្ណោះ បន្ទាប់ពីក្រោយផ្ទុះរឿងអាស្រូវគឺគ្មានភាពយន្តណាមួយ ហ៊ានយកលោកអោយសម្ដែងតួឯក។ ជាក់ស្ដែងសូម្បីរឿង«អាមោកលក់ម៉ាំ» ដែលលោកថតចប់ក្រោយផ្ទុះរឿងអាស្រូវ ត្រូវបានផលិតករសម្រេចបិទចោលមិនដាក់បញ្ចាំងតាមរោងនោះទេ ដោយក្រុមផលិតករនោះបញ្ជាក់ថាការស្ទាបស្ទង់ គឺទីផ្សារអ្នកទស្សនាមិនចង់មើលរឿងដែលសម្ដែងតួឯកដោយប៉ែន ចំរ៉ុង នោះឡើយ។ ផលិតករនោះបានអះអាងថាសុខចិត្តខាតដើមក្នុងការផលិត តែមិនសុខចិត្តបញ្ចាំងរឿងហើយមានព័ត៌មានខាតរឿងនាំអោយប៉ះពាល់ដល់ផលិតកម្មនោះទេ។ មិនខុសគ្នាដែរ ផលិតផ្សេងទៀត ក៏មិនហ៊ានផ្ដល់ឱកាសអោយប៉ែន ចំរ៉ុង សម្ដែងតួឯកនោះដែរ ទើបលោកជ្រុះបាត់ប្រជាប្រិយភាពយ៉ាងគំហ៊ុគក្រោយស្ងប់រឿងអាស្រូវ។ ជាមួយនឹងការប្រែប្រួលនេះហើយ ទើបលោកប៉ែន ចំរ៉ុង ប្រកាសយុទ្ធសាស្រ្តទទួលថតជាតួរាយរង បើទោះជាលោកបញ្ជាក់ថានោះជាជំហរគំរូកុំអោយតារាផ្សេងទៀតបន្តប្រកាន់ជំងឺតួឯក។
មតិយោបល់