យោងតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ គឺប្រទេសកម្ពុជានឹងមានអភូតហេតុថ្ងៃរះនៅចំកំពូលប្រាសាទអង្គរជាថ្មីទៀតហើយ នៅចន្លោះព្រឹកថ្ងៃទី២០ និង២១ មីនា ចាប់ពីម៉ោង៥ ដល់ម៉ោង៧ព្រឹក។ ក្រសួងទេសចរណ៍បានប្រកាសអោយភ្ញៀវទេសចរណ៍ និងអ្នកបានទៅឃើញទិដ្ឋភាពនោះ ថតរូបសែលហ្វីយកមកប្រកួតប្រជែងអោយបានច្រើន ដោយអះអាងថារូបថតដែលស្អាត និងទាក់ទាញ នឹងទទួលបានរង្វាន់ពិសេសពីក្រសួងទេសចរណ៍។
ផ្អែកតាមសេចក្ដីប្រកាស ក្រសួងទេសចរណ៍បានស្នើអោយភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ចូលរួមទស្សនាទិដ្ឋភាពថ្ងៃរះនៅលើកំពូលកណ្ដាលរបស់ប្រាសាទអង្គរអោយបានច្រើនកុះករ ដោយក្រសួងបញ្ជាក់ថាទិដ្ឋភាពរមែងកើតឡើងរាល់ថ្ងៃនៅចន្លោះថ្ងៃ២០ និង២១ មីនា អំឡុងពេលព្រឹកព្រលឹមស្រាងៗ។ ព្រឹត្តិការណ៍នេះមានឈ្មោះថា«សែលហ្វី(Selfie)អង្គរអច្ឆរិយៈ។ សេចក្ដីប្រកាសបានស្នើអោយអ្នកទៅឃើញទិដ្ឋភាពនោះ បញ្ជូនរូបសែលហ្វីដែលមានភ្ជាប់ជាមួយនឹងរូបថ្ងៃរះចំកំពូលប្រាសាទ មកកាន់ហ្វេសប៊ុកផេករបស់ក្រសួង ឬ ផ្ញើមកកាន់ www.facebook.com/cambodiamot ដោយគ្រាន់តែបញ្ជាក់ឈ្មោះ និងលេខទូរស័ព្ទគឺជាការស្រេច។ ក្រសួងនឹងអោយគណកម្មការជ្រើសយករូបស្អាតបំផុតចំនួន៥ក្នុងចំណោមរូបដែលបានផ្ញើមក យកទៅបង្ហោះលើផេកផ្លូវការដើម្បីអោយមានការបោះឆ្នោត។ រូបសែលហ្វីណាទទួលបានចំនួន Like និង Share ច្រើនជាងគេ នឹងត្រូវកំណត់ថាជារូបដែលឈ្នះរង្វាន់ប្រចាំឆ្នាំ។ នៅលើសេចក្ដីប្រកាសនោះបានអះអាងថានេះជាលើកទី២ ដែលក្រសួងទេសចរណ៍សម្រេចបើកអោយមានការប្រកួតប្រជែងរូបថតសែលហ្វី ដើម្បីអោយទិដ្ឋភាពថ្ងៃរះនៅលើកំពូលប្រាសាទអង្គរកាន់តែមានការចាប់អារម្មណ៍ក្នុងក្រសែភ្នែកអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ ក្រសួងប្រកាសថារូបថតសែលហ្វី មានអ្នកចូលចិត្តច្រើនជាងគេ នឹងទទួលបានប័ណ្ណសរសើរអមដោយទឹកប្រាក់១លានរៀល ឬ២៥០ដុល្លារ ចំណាត់ថ្នាក់លេខ២ ទទួលបាន៨០ម៉ឺនរៀល ស្មើនឹង២០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ទទួលបាន៥០ម៉ឺនរៀល ស្មើនឹងជាង១០០ដុល្លារ។
មន្ត្រីទទួលបន្ទុកលើការប្រកួតប្រជែងនេះបានថ្លែងប្រាប់ថា នេះឱកាសជួយអោយអ្នកចូលចិត្តថតរូបសែលហ្វីសប្បាយចិត្ត ហើយក៏ដើម្បីអោយទិដ្ឋភាពថ្ងៃរះនៅលើកំពូលប្រាសាទអង្គរមានការផ្សព្វផ្សាយទូលំទូលាយផង។ លោកថាព្រឹត្តិការណ៍ត្រូវបានបង្កើតឡើងយ៉ាងជោគជ័យកាលពីលើកទី១ ដោយការប្រកួតសម្រាប់លើកទី២នេះ ត្រូវបានគាំទ្រយ៉ាងពិសេស ដោយអាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ និងសហភាពសហព័ន្ធយុវជនកម្ពុជា៕
មតិយោបល់