ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាតារាចម្រៀងលោក ម៉ៃ សុគន្ធ ត្រូវបានវាយសំពងដោយការរិះគន់យ៉ាងពេញទំហឹង បន្ទាប់ពីបទចម្លងពីថៃរបស់លោករួមមានបទ«Number បេះដូង» និងបទ«សុំជាបុរសម្នាក់ក្នុងបេះដូងអូន» ដោយសារតែបទ បកប្រែរបស់លោកត្រូវគេចម្លងទាំងស្ទីលសម្ដែង។
យ៉ាងណាមិញ លោកបានឆ្លើយថាមិនញញើតនឹងការរិះគន់ទាំងនោះទេ ដោយសារតែលោកមានហេតុផលច្បាស់លាស់ក្នុងការផលិតចម្រៀងទាំងនោះ។ នៅលើហ្វេសប៊ុកស្ទើរតែដូចបាយពុះ ជាមួយនឹងការចែកចាយនូវបទចម្លងមួយចំនួនរបស់លោកម៉ៃ សុគន្ធ ដែលជាតារាចម្រៀងកុងត្រារបស់ផលិតម្ម Zoom ជាពិសេសគឺបទ«Number បេះដូង» ដែលត្រូវបានគេតិះដៀលថាជាបទដែលចម្លងគ្មានខ្វះចន្លោះ នឹងបទល្បីល្បាញរបស់ថៃ ដោយគ្រាន់តែប្ដូរពីតារាស្រី និងប្រុស។ អ្នករិះគន់ទាំងនោះ បានលើកឡើងថាលោកជាតារាទី១ ដែលមិនញញើតក្នុងការចម្លងបទរបស់ប្រទេសជិតខាង ហើយគ្មានគំនិតបង្កើតបទខ្លួនឯងដើម្បីវាយលុកទីផ្សារ។ អ្នកខ្លះបានទាំងវាយសំពងដោយសម្ដីធ្ងន់ៗមិនសមនោះទេ ខណៈដែលភាគីសាមីខ្លួនប្រកាសថាទទួលយក។
លោក ម៉ៃ សុគន្ធ និយាយថាលោកទទួលយកការរិះគន់ដែលបានលើកឡើង ប៉ុន្តែលោកមិនសប្បាយចិត្តជុំវិញការប្រមាថទាំងឡើយណា ដែលមានទស្សនៈមាក់ងាយនោះទេ។ លោកថាការចម្លងបទពីគ្នាទៅវិញទៅមក មិនមែនទើបតែមាននៅក្នុងវិស័យសិល្បៈនោះទេ គឺមានយូរយារមកហើយ។ លោកថាបរិបទនាពេលបច្ចុប្បន្នគឺបទOriginal មានការទទួលស្គាល់ ប៉ុន្តែមិនមែនមានន័យថាតារាចម្រៀងទាំងអស់ មិនអាចច្រៀងបទចម្លងបានទេ។ លោកថាក្នុងនាមជាតារាចម្រៀងលោកទទួលច្រៀងទាំងអស់ មិនថាបទនិពន្ធថ្មី ឬបទចម្លង ជាពិសេសគឺបទចម្លងពីបរទេសទាំងឡាយណា ដែលមានបទភ្លេងល្អ ហើយត្រូវនឹងទឹកដមសំឡេងរបស់ខ្លួន។ លោកនិយាយ បើគ្រាន់តែច្រៀងបទបកប្រែ ហើយត្រូវគេមហាជនជេរប្រទិច គឺមិនខុសពីការរើសអើងចំពោះបទចម្រៀងរបស់បរទេសនោះទេ នៅក្នុងបរិបទដែលបទចម្រៀងរបស់ខ្មែរ ក៏ត្រូវបរទេសចម្លងយកទៅច្រៀងទៅវិញទៅមក។ លោកនៅតែអះអាងថានឹងបន្តច្រៀងបទចម្លង ជាពិសេសគឺបទដែលលោកគិតថាច្រៀងពីរោះ ហើយត្រូវទឹកដមសំឡេង ហើយលោកក៏នឹងត្រៀមបញ្ចេញបទផ្ទាល់ខ្លួនជាស្នាដៃកូនខ្មែរ។ ផ្ទុយពីបាក់ទឹកចិត្ត លោកម៉ៃ សុគន្ធ ប្រកាសថាសប្បាយចិត្តដែលការរិះគន់បានជួយអោយបទចំនួណ២បទរបស់លោកគឺបទ«Number បេះដូង» និងបទ«សុំជាបុរសម្នាក់ក្នុងបេះដូងអូន» មានគេស្គាល់ច្រើន។ ជាក់ស្ដែងរាល់ពេលលោកឡើងឆាកហើយច្រៀងបទទាំងនោះ គឺមានសន្ទុះគាំទ្រខ្លាំង៕
https://www.youtube.com/watch?v=YdYjfwN9s90
https://www.youtube.com/watch?v=Fr6iWyqJaiU
មតិយោបល់