ព័ត៌មានកីឡា

ក្រោយ​ឈ្នះ​កូរ៉េ ​ក្រុម​មហា​យក្ស​ចិន ​មាន​សង្ឃឹម​តិច​ៗ ​នៅ World Cup 2018

​ក្រុម​ចិន ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​កូរ៉េ​ខាង​ត្បូង​ក្នុង​លទ្ធផល ១- ០ ​នា​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី។

ដោយ​ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​ចិន ​ហាក់​មាន​ដង្ហើម​ដក​នៅ​ឡើយ​ទេ ​ពោល​គឺ​ពួកគេ​នៅ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន ​ក្រោយ​ពី​ក្រុម​កំពូល​តារាង​សុទ្ធ​តែ​បរាជ័យ​កាល​ពី​យប់មិញ​នេះ។ ដោយ​ចិន​យក​ឈ្នះ​កូរ៉េ​ខាង​ត្បូង ១-០ ​ខណៈ​ដែល​សិរី​បាន​យក​ឈ្នះ​លើ​ក្រុម​អូប៉េគីស្ថាន ១-០ ដូច​គ្នា។ តាម​លទ្ធផល​នេះ បាន​បង្អាក់​ដំណើរ​របស់​ក្រុម​កូរ៉េ​និង​អូប៉េគីស្ថាន ​ហើយ​ក៏​បាន​ផ្ដល់​សង្ឃឹម​ឡើង​វិញ​ដល់​ក្រុម​ចិន​ផង​ដែរ ដែល​កំពង់​តែ​តាម​ពិន្ទុ​ពី​ក្រោយ។

ក្រុម​ចិន​បច្ចុប្បន្ន​នេះ ​មាន​៥​ពិន្ទុ​ក្នុង​ដៃ ​ខណៈ​ដែល​ក្រុម​សិរី​មាន​៨​ពិន្ទុ ​ក្រុម​អូប៉េគីស្ថាន​មាន​៩​ពិន្ទុ ​ក្រុម​កូរ៉េ​ខាង​ត្បូង​មាន​១០​ពិន្ទុ ​និង​ក្រុម​អីរ៉ង់​មាន​១៤​ពិន្ទុ​ឈរ​កំពូល​តារាង ​ក្រោយ​ពី​ឆ្លង​កាត់​ការ​ប្រកួត​៦​ប្រកួត​មក​នេះ។ ដោយ​ការ​ប្រកួត​នៅ​សល់​ដល់​ទៅ​៤​ប្រកួត​ទៀត​នោះ ​ដូច្នេះ​ក្រុម​ទាំង​អស់​នៅ​មិន​ទាន់​ប្រាកដ​ថា​នរណា​បាន​ឡើង​ទៅ​ឬ​ធ្លាក់​ចេញ​នោះ​ទេ ដោយ​មាន​តែ​ក្រុម​បាត​តារាង​កាតា​មួយ​គត់​ដែល​អស់​ឱកាស​ទៅ​ហើយ។

មតិយោបល់