ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាៗ ស្នើអោយអភិរក្ស ចង្វាក់ខ្មែរ និងសំលៀកបំពាក់ប្រពៃណីជាតិ

ខណៈដែលបណ្ដាផលិតកម្មស្ទើរទាំងអស់ ផ្ដោតជាសំខាន់លើចង្វាក់បែកស្លុយ និងបំផុសជាទូទៅអោយយុវវ័យប្រើប្រាស់តែសំលៀកបំពាក់បែបយុវវ័យឆើតៗមិនឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរនោះ បណ្ដាផលិតករ និងតារាសិល្បៈមួយចំនួនបានទទូចកុំអោយមហាជនភ្លេចចង្វាក់ខ្មែរ និងសំលៀកបំពាក់បែបប្រពៃណីរបស់ខ្លួនសម្រាប់ឱកាសរាំរែកចូលឆ្នាំ។ ជាមួយគ្នានោះក៏ទទូចអោយបណ្ដាផលិតកម្មងាកទៅផលិតបទចម្រៀងបែបខ្មែរអោយបានច្រើនជាជំនួសវិញដែរ ដើម្បីកុំអោយយុវវ័យមានចិត្តភ្លើតភ្លើន។

ក្នុងឱកាសថតកម្មវិធីសម្រាប់ត្រៀមចាក់ផ្សាយនៅពិធីបុណ្យចូលឆ្នាំ លោកតាវ៉ិចទ័រ បានអះអាងថាលោកមានការព្រួយបារម្ភបន្ទាប់ពីបទចម្រៀងភាគច្រើន ហាក់បំផុសអោយយុវវ័យរាំរែក និងតុបតែងខ្លួនរៀបជាបែកស្លុយច្រើនជាងបទដែលមានលក្ខណៈជាចង្វាក់ប្រពៃណី។ លោកថាយុវវ័យងាយនឹងទទួលចំហាយបទចម្រៀងទាំងនោះណាស់ ដោយសារតែក្រុយយុវវ័យចូលចិត្តអ្វីដែលថ្មី និងប្លែក។ លោកទទូចអោយក្រុមផលិតករ និងតារាចម្រៀង ងាកមកបំផុសអោយក្មេងជំនាន់ក្រោយចេះស្រឡាញ់ចង្វាក់ប្រពៃណីរបស់ខ្លួន និងចូលចិត្តសំលៀកបំពាក់បែបថ្លៃថ្នូររបស់ខ្លួនត្រលប់មកវិញ ដើម្បីបង្ហាញអោយឃើញពីអត្តសញ្ញាណរបស់ខ្មែរក្នុងក្រសែភ្នែកអន្តរជាតិនៅឱកាសចូលឆ្នាំ។ អ៊ីចឹងបានជាក្នុងកម្មវិធីផ្ទះលោកតា សម្រាប់ទុកចាក់ថ្ងៃបុណ្យចូលឆ្នាំរបស់លោក គឺលោកបានសហការជាមួយតារាៗយ៉ាងច្រើនកុះករមកពីគ្រួសារតារាកម្ពុជា ដើម្បីរៀបចំអោយរាំរែកនូវចង្វាក់ខ្មែរ និងបំផុសអោយមើលឃើញពីតម្លៃនៃសំលៀកបំពាក់បុរាណឡើងវិញ។

កញ្ញាតូច ស្រីពេជ្រ និយាយនាងនៅតែមើលឃើញពីតម្លៃរបស់សំលៀកបំពាក់បែបប្រពៃណីខ្មែរ និងថាតារាសិល្បៈគ្រប់រូបដែលបានក្អាកក្អាយនឹងការសម្ដែងក្នុងបទចម្រៀងបែកស្លុយ ហើយស្លៀកពាក់ប្រាស់ចាកពីសំលៀកបំពាក់ប្រពៃណីរបស់ខ្មែរគឺតម្រូវតាមការទាមទាររបស់ផលិតករប៉ុណ្ណោះ។

កញ្ញាមាស សម្ផស្ស ជាតារាសម្ដែងបញ្ជាក់ថាកញ្ញាពេញចិត្តសំលៀកបំពាក់ប្រពៃណីខ្មែរជាជាងសំលៀកបំពាក់ណាៗទាំងអស់សម្រាប់ឱកាសចូលឆ្នាំ បើទោះជាសំលៀកបំពាក់ទាំងនោះកាន់តែមានអ្នកចូលចិត្តប្រើតិចៗទៅក្នុងចំណោមយុវវ័យ។ កញ្ញាទទូចអោយក្រុមយុវវ័យរួមគ្នាប្រើប្រាស់ និងងាកមករាំចង្វាក់ខ្មែរអោយបានច្រើន ដើម្បីកុំអោយវប្បធម៌របស់ខ្មែរដែលបានប្រកាន់ភ្ជាប់ជាយូរលង់ណាស់មកហើយ ត្រូវវាយសន្ធាប់ដោយវប្បធម៌ពីបរទេស។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេឃើញតែមានបណ្ដាទូរទស្សន៍ប៉ុណ្ណោះ ដែលបានផលិតកម្មវិធីរាំរែកចង្វាក់ខ្មែរ និងបំផុសអោយស្លៀកពាក់បែបប្រពៃណីខ្មែរ តែគេកត់សម្គាល់ថាហាក់មិនត្រូវបានយុវវ័យចាប់អារម្មណ៍ប៉ុន្មានទេ ដោយសារតែបណ្ដាផលិតកម្មធំៗប្រជែងគ្នាវាយសម្រុកដោយបទបែកស្លុយខ្លាំងពេកធ្វើអោយក្រុមយុវវ័យលែងសូវមើលឃើញពីតម្លៃបទចម្រៀងបែបប្រពៃណីខ្មែរនោះ។

តើសំលៀកបំពាក់ប្រពៃណីខ្មែរស្រស់ស្អាតយ៉ាងណា សូមអញ្ជើញទស្សនា៖

មតិយោបល់