ព័ត៌មានជាតិ

ឡង់គ្រឺស័រ បុកគេហើយរត់មកឈប់នៅសណ្ឋាគារឡឺប្រេស៊ីដង់ធ្វើព្រងើយ ត្រូវពលរដ្ឋដេញតាមគប់បែកកញ្ចក់ខ្ទេច!

ភ្នំពេញៈ រថយន្តឡង់គ្រីស័រមួយគ្រឿ បើកបរដោយជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងល្បឿនលឿន បត់ពីស្តុបនាគវ័ន្តបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកម៉ូតូហ្វីណូមួយគ្រឿង ដែលកំពុងចតមុខផ្ទះ តាមបណ្តោយផ្លូវ២២១ បណ្តាលឲ្យរងការខូចខាតហើយ រួចជនជាតិចិនរូបនេះមិនព្រមឈប់រថយន្តនៅទទួលខុសត្រូវនៅកន្លែងកើតហេតុឡើយ បានព្យាយាមបើកគេចរហូត មកដល់ចំណុចផ្លូវកម្ពុជាក្រោម ហើយបត់ចូលទៅចំណតរថយន្តមុខសណ្ឋាគារ ឡឺប្រេស៊ីដង់ឈប់ធ្វើមិនដឹង ធ្វើឲ្យប្រជាពលរដ្ឋដែលជិះម៉ូតូដេញតាម ខឹងក៏រើសដុំថ្មគប់បែកកញ្ចក់ក្រោយ រថយន្តនេះតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីរបស់បុរសម្នាក់ ដែលគាត់ជាអ្នកនៅក្នុងហេតុការណ៍ខាងលើនេះ បានឲ្យPost Newsដឹងថា មុនពេលកើតហេតុគាត់និងបងប្អូនរបស់គាត់បានអង្គុយហូប អាហារជុំគ្នានៅមុខផ្ទះរបស់គាត់ ខណៈនោះ ស្រាប់តែឃើញរថយន្តឡង់គ្រឺស័រ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-6716 បើកបរដោយបុរសជនជាតិចិនម្នាក់ បានបើកបត់ពីស្តុបនាគវ័ន្ត ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ហើយរថយន្តនោះក៏បួងចង្កូតជ្រុលមកបុកម៉ូតូដែលកំពុងចតមុខផ្ទះរបស់គាត់បណ្តាលឲ្យរងការខូចខាត ។

ប្រភពដដែលបន្តថា នេះជារឿងសំណាងមួយដែលពួកគាត់ដឹងខ្លួនទាន់ ទើបលោតផុត ពេលដែលរថយន្តនោះបើកមកបុក កុំអីមិនដឹងថារងគ្រោះថ្នាក់បែបណានោះទេ។

បន្ទាប់ពីកើតហេតុភា្លមៗនោះ រថយន្តឡង់គ្រីសឺ ដែលរថយន្តពាក់ស្លាកលេខភ្នំពេញ 2F-6716 នោះបានថយក្រោយហើយបួងចង្កួតបើកគេច រហូត មកដល់ចំណុចផ្លូវកម្ពុជាក្រោម ហើយបត់ចូលទៅចំណតរថយន្តមុខសណ្ឋាគារ ឡឺប្រេស៊ីដង់ ចំណែកបុរសជនជាតិចិននោះក៏ចុះចូលក្នុងសណ្ឋាគារ ឡឺប្រេស៊ីដង់ធ្វើមិនដឹង ធ្វើឲ្យប្រជាពលរដ្ឋច្រើននាក់ ដែលជិះម៉ូតូដេញតាមនោះ ខឹងក៏រើសដុំថ្មគប់បែកកញ្ចក់ក្រោយរថយន្តនេះតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយភាគីខាងជនរងគ្រោះ ក៏មកដល់ដូចគ្នា ភ្លាមៗជនជាតិចិនដែលម្ចាស់រថយន្តបង្ក បានឲ្យអ្នកនិយាយបកប្រែភាសា និយាយដោះស្រាលជាមួយភាគីជនរងគ្រោះ តែដោយនិយាយមិនត្រូវជនជាតិចិននោះក៏ប្រាប់ថា គេមិនមែនអ្នករថយន្តបង្កឡើយ ។

ទោះជាយ៉ាងណាសមត្ថកិច្ចដែលចុះមកដល់កន្លែងកើតហេតុ ក៏មិនសប្បាយចិត្តពេលមានអ្នកសារព័ត៌មាន ចុះមកថតយកព័ត៌មាននេះដែរ ដោយគាត់និយាយថា អ្នកការសែត ថតអីថតម្ល៉េះរឿងចឹងសោះនឹង!។

រឿងវ៉ាវនេះ ភាគីរងគ្រោះមិនសុខចិត្ត ក៏ប្រគល់ឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ ទើបសមត្ថកិច្ចសម្រេចយករថយន្តបង្ករបស់ជនជាតិចិននោះនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់