ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាន់ នីឡា បង្អួតតំណែងតួឯក២រឿងទន្ទឹមគ្នា នៅរោងកុន

ទើបតែបានដាក់បញ្ចាំងរឿង«កំពូលស៊យឆ្លងភព»ដែលខ្លួនបានសម្ដែងតួឯកនៅក្នុងរោងកុនកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ តារាកំប្លែងកញ្ញា វ៉ាន់ នីឡា បែរបើកបង្ហាញខ្សែរឿងដែលនាងសម្ដែងតួឯកមួយថ្មីទៀតកាលពីថ្ងៃទី២៧ មេសា នៅក្នុងរោងកុន។ អ៊ីចឹងហើយទើបគេឃើញនៅក្នុងរោងកុនមានភាពយន្តចំនួន២ត្រូវគេដាក់បង្អួតមហាជន ដោយវ៉ាន់ នីឡា សុទ្ធតែសម្ដែងតួឯក។

វ៉ាន់ នីឡា បានលើកឡើងក្នុងពិធីសម្ពោធរឿង«លត់ដែកថែប»នៅផ្សារទំនើបអ៊ីអនម៉លថា ចាប់តាំងពីនាងបានប្រឡូកជាតារាសម្ដែង នាងទើបតែសម្ដែងជាតួឯកបានពីររឿងប៉ុណ្ណោះ ដោយមួយគឺរឿង«កំពូលស៊យឆ្លងភព» និងរឿង«លត់ដែកថែប»ដែលទើបនឹងបានសម្ពោធនេះ។ អ៊ីចឹងហើយទើប នាងមានការភ្ញាក់ផ្អើលដូចគ្នា ដែលរឿងរបស់នាងទាំងពីរគឺថតខុសពេលគ្នាដាច់ ប៉ុន្តែចុងក្រោយមកដាក់បញ្ចាំងក្នុងរោងស្របគ្នា ធ្វើឲ្យនាងលេចមុខលេខមាត់។ នាងខ្លួនភាគច្រើនសម្ដែងតែជាតួរាយរងប៉ុណ្ណោះ ហើយបើទោះជាបានតំណែងតួឯករួចហើយក៏ដោយ ក៏នៅតែទទួលសម្ដែងរាយរងមិនប្ដូរជំហរ។ យ៉ាងណាមិញ នាងថាសប្បាយចិត្តនឹងតំណែងជាតួឯកក្នុងរឿង«លត់ដែកថែប»ច្រើនជាង ដោយសារតែក្នុងរឿងនេះ តម្រូវឲ្យនាងត្រូវផ្សងគ្រោះថ្នាក់គួរសម ដូចជាត្រូវថតរត់លើថ្មនៅជ្រោះមួយនៅខេត្តមណ្ឌលគីរី និងនៅលើសមុទ្រនៅខេត្តកំពតជាដើម។ នាងថារឿងនេះ អត់មានឈុតវាយតប់ពិបាកថតទេ ប៉ុន្តែបើឈុតត្រូវរត់ ត្រូវប្រតាយប្រតប់ និងត្រូវជិះទូកលើទឹកដែលធ្វើឲ្យនាងភិតភ័យមែនទែន គឺមានរាប់មិនអស់។ នាងថានេះជារឿងលើកដំបូង ដែលនាងត្រូវសម្ដែងជាមួយលោកសុខ ដែន តារាក្បាច់គុណ ហើយជារឿងប្រភេទវាយតប់ដែលតម្រូវឲ្យនាងថតចប់មួយប្លង់ៗគឺទន់ដៃទន់ជើង នឹងរឿងរត់គេច និងប្រតាយប្រទប់។ នាងពេញចិត្តរឿងនេះត្រង់ផលិតករកំណត់ឲ្យបញ្ចូលសំឡេងឲ្យតួសម្ដែង ដែលធ្វើឲ្យរឿងទាំងមូលគឺតួអង្គណាម្នាក់ក៏មានសំឡេងល្អ ហើយធ្វើឲ្យនាងយល់ថាល្អមើល និងរស់រវើកទាំងព្រម។ ក្នុងនោះក៏ចំណាយលុយថតផ្ដិតយកទេសភាពស្ទើរទាំងស្រុងពីខេត្តមណ្ឌលគីរី ក៏ជាការផ្សព្វផ្សាយពីខេត្តទេសចរណ៍មួយនេះ ដែលធ្វើឲ្យនាងមើលឃើញពីគុណសម្បត្តិផងដែរ។

លោកសុខ ដែន ជាតួឯក និងជាតំណាងផលិតកម្មបានអះអាងថា រឿង«លត់ដែកថែប»ចំណាយតែជាង៣ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែសម្រាំងបានតារាសម្ដែងសុទ្ធតែល្បី និងជាអ្នកជំនាញផ្នែកក្បាច់គុណ។ លោកថារឿងមានចំណុចខ្លាំងត្រង់បង្ហាញពីក្បាច់គុណល្បុក្កតោ និងបង្ហាញពីការអប់រំកុំឲ្យជួញដូរគ្រឿងញៀន។ លោកថារឿងនេះនឹងដាក់លក់សំបុត្រគ្រប់រោងនៅថ្ងៃទី៣០ មេសា ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំខាងមុខ។ លោករំពឹងយ៉ាងខ្លាំងថាស្នាដៃមួយនេះ នឹងជោគជ័យខ្លាំង ដោយសារតែក្នុងផ្ទៃរឿងទាំងមូលបង្ហាញពីភាពរស់រវើកនៃក្បាច់គុណ។ ជាមួយគ្នានោះលោកក៏សរសើរពីការសម្ដែងរបស់កញ្ញា វ៉ាន់ នីឡា ផងដែរ ដោយសារតែនាងសម្ដែងបានល្អ ។

ខាងក្រោមនេះជាទិដ្ឋភាព កាលពីថ្ងៃសម្ពោធ៖

//www.youtube.com/watch?v=qTjMQW71ym4

មតិយោបល់